(ភ្នំពេញ)៖ ដោយមានការណែនាំពីអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ និងប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីជំនាញសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅតាមផ្សារទំនើប និងផ្សារផ្សេងៗ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាននឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទំនិញក្នុងផ្សារទំនើបឡាក់គី និងផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងភូមិសាស្រ្តខណ្ឌចំការមន។
លោក គង់ វុទ្ធី បានឲ្យដឹងថា យុទ្ធនាការចុះត្រួតពិនិត្យមុខទំនិញទាំងនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មបានចេញ សេចក្តីជូនដំណឹងដល់សាខាកាំកុងត្រូល រាជធានី-ខេត្ត ស្តីពីបញ្ហាដែលមជ្ឈមណ្ឌលសុវត្ថិភាពម្ហូបអាហារ ក្រុងហុងកុងរកឃើញវត្តមានបាក់តេរី Bacillus cereus ក្នុងគំរូការផលិតតៅហ៊ួ ( bottled preserved bean curd) ដែលប្រភពដើមនៅកោះតៃវ៉ាន់ ក្នុងបរិមាណលើសពីការតម្រូវកំណត់ក្នុងគោលការណ៍ណែនាំរបស់អាជ្ញាធរ។
ដូច្នេះសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចុះពិនិត្យផ្ទាល់ទៅតាមផ្សារទំនើប និងផ្សារផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដើម្បីតាមអង្កេត និងទប់ស្កាត់ចំពោះតៅហ៊ួដែលមានជាតិបាក់តេរី ព្រោះដោយសារការទទួលទានអាហារដែលមានជាតិបាក់តេរី Bacillus cereus បណ្តាលឲ្យមានជំងឺរាគ និងក្អួត ជាដើម។
គោលបំណងនៃការចុះត្រួតពិនិត្យដ៏សំខាន់មួយទៀត គឺទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញាដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការខាងលើ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតប្រហុក ប្រអក សាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់ និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀត បញ្ជូនទៅមន្ទីរពិសោធ៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ។
លោកអនុប្រធាន ក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីចៀសវាងពីបញ្ហាប៉ះពាល់ដល់សុខាភពដោយសារមានជាតិគីមីនៅក្នុងទំនិញ៕