(ក្រចេះ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបទីតាំង បញ្ជល់មាន់មួយកន្លែង នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយ ភូមិសំបុក ឃុំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉េង សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ការចុះបង្ក្រាប ទីតាំងបញ្ជល់មាន់ខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជា​ផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត។

លោកបានបន្តទៀតថា ពេលចុះបង្ក្រាបនោះកម្លាំងនគរបាលរបស់លោក បានដកហូតទ្រុងក្រុងមាន់ចំនួន៨ ជញ្ជីងថ្លឹងមាន់ចំនួន១ កន្រ្ទោកដាក់ចំនួន១ ម៉ូតូចំនួន៦គ្រឿង និងសម្ភារយកទៅដុតចោលនៅនិងកន្លែងតែម្តង។

សូមបញ្ជាក់ថា ទីតាំងបញ្ជល់មាន់ខាងលើនេះ ស្ថិតនៅកណ្តាលព្រៃដែលពិបាកធ្វើដំណើរទៅដល់ ហើយសម្រាប់សម្ភារទាំងនេះ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្តទៀត៕