(ភ្នំពេញ)៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានតម្រូវឲ្យប្រជាពលរដ្ឋខ្មែរ ដែលទិញម៉ូតូថ្មីត្រូវមើលវីដេអូអប់រំ និង ឆ្លើយសំណួរខ្លះៗស្តីពីច្បាប់ចរាចរណ៍ មុននឹងអនុញ្ញាតឲ្យបណ្តើរម៉ូតូចេញពីកន្លែងលក់។ ការដាក់ចេញវិធានការថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុគ្រោះឲ្យប្រជាពលរដ្ឋ ដែលបើកបរម៉ូតូកម្លាំងក្រោម ១២៥សេសេ មិនចាំបាច់ធ្វើបណ្ណបើកបរនោះទេ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងបញ្ជាក់ថា វិធានការថ្មីនេះ នឹងជួយបង្កើនការយល់ដឹងច្បាប់​ចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលអាចនឹងចូលរួម​ចំណែក​កាត់បន្ថយគ្រោះថ្នាក់ចរាចរលើដងវិថី។

ក្រៅពីកំណត់ឲ្យប្រជាពលរដ្ឋមើលវីដេអូអប់រំ និងឆ្លើយសំណួរពាក់ព័ន្ធច្បាប់ចរាចរណ៍ហើយនោះ ក្រសួងក៏បានផលិតវីដេអូអប់រំមួយចំនួនទៀត បង្ហាញពី​ហានិភ័យ និងផលលំបាកកើតចេញពីគ្រោះថ្នាក់ចរាចរ។ ក្នុងនោះក៏មានវីដេអូអប់រំពីការប្រឈមគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរ​ក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្កើតកម្មវីធីរៀបច្បាប់ចរាចរណ៍តាមទូរស័ព្ទផងដែរ។ កម្មវិធីថ្មីនេះ ប្រជាពលរដ្ឋខ្មែរអាចអាន និងស្វែងយល់ពី​ច្បាប់ចរាចរណ៍ ហើយក៏អាចសួរឆ្លើយសំណួរច្បាប់ចរាចរណ៍ ដើម្បីវាស់ស្ទង់ពីកម្រិតនៃការចេះដឹងរបស់ខ្លួនលើច្បាប់ចរាចរណ៍ផងដែរ។

បងប្អូន ដែលចង់បានបានកម្មវីធីស្វែងយល់ពីច្បាប់ចរាចរណ៍នេះដាក់លើទូរស័ព្ទរបស់ខ្លួន សូមចូលទៅ App Store ឬ Play Store ហើយវាយពាក្យថា Cambodia Driving Rules និងទាញបញ្ចូល (Install) ទៅក្នុងទូរស័ព្ទរបស់អស់លោកអ្នកជាការស្រេច៕