(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហមួយជូនជនរួមជាតិ ឆ្លើយតបនឹងការលើកឡើងរបស់បុគ្គលមួយចំនួន ដែលបានរិះគន់ចោទប្រកាន់គោលនយោបាយរបស់កម្ពុជា អំពីការមិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់នៅកម្ពុជា។
នៅក្នុងលិខិតចំហផ្ញើជូនអង្គភាពព័ត៌មាន Fresh News លោក ផៃ ស៊ីផាន បានហៅបុគ្គលដែលលើកឡើងអំពីបញ្ហាកម្ពុជា មិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់នោះថាជា «បុគ្គលដែលមានភាពពិការស្មារតី និងបញ្ញាញាណ ពិសេសទាំងផ្លូវច្បាប់ និងបទពិសោធន៍របស់កម្ពុជាពីអតីតកាល»។
អ្នកនាំពាក្យរូបនោះបានរៀបរាប់ជាមួយខ្លឹមសារតាមរយៈលិខិតចំហរថា៖
«តាមរយៈវិទ្យុ វិទ្ធង្សនាបរទេសមួយ ដែលផ្សាយជាខេមរភាសា បានលើកយកមតិរបស់ជនឧបករណ៍ ដែលគេឱ្យងារបំភ័ន្តថា ជាអ្នកវិភាគនោះបាននិយាយតាម អារម្មណ៍ និងនិន្នាការរបស់ខ្លួន ដោយចោទប្រកាន់នយោបាយបរទេសរបស់សម្តេចតេជោ អំពីគោលនយោបាយចិនតែមួយ គឺប៉ះពាល់ដល់សីលធម៌នយោបាយ ដែលសង្កត់ធ្ងន់លើវិស័យសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី មិនអនុញ្ញាតចំពោះការលើកទង់ជាតិតៃវ៉ាន់ នៅកម្ពុជា។
ការលើកឡើងរបស់បុគ្គលរូបនេះ គឺមានភាពពិការស្មារតី និងបញ្ញាញាណ ពិសេសទាំងផ្លូវច្បាប់ និងបទពិសោធន៍របស់កម្ពុជា របស់ខ្លួនពីអតីតកាល។ រដ្ឋធម្មនុញ្ញកម្ពុជា មានខ្លឹមសារថា អព្យាក្រឹត្យ មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រជាជាតិដទៃ ក៏ដូចជាក្រមរបស់អាស៊ានផងដែរ។
នយោបាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ គឺមានសារធាតុច្បាស់លាស់ក្នុងតម្លៃសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជាទទួលបានសន្តិភាពនៅក្នុង បរិបថសេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៨ មក។ ហើយរាជរដ្ឋាភិបាលសម្តេចតេជោនេះ គឺជារាជរដ្ឋាភិបាល សេដ្ឋកិច្ច មានសមត្ថភាពរក្សាបាន នូវការរីកចម្រើនទូទាំងប្រទេស ក្នុងរយៈកន្លងមក។ ជិតម្ភៃឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ នៃផលិត ផលសរុបក្នុងស្រុករបស់ខ្លួន ហើយទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោក នៅក្នុងកំណើននេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ មកនៅកំរិតជាង ១០ភាគរយ។
នយោបាយការបរទេស របស់សម្តេចតេជោ គឺទទួលបានជោគជ័យ ដែលអន្តរជាតិទទួលស្គាល់ នៅក្នុងតំបន់ក៏ដូចជាពិភពលោក ក្នុងទិសដៅសន្តិភាព និងការអភិវឌ្ឍ ដូចជាសហគមន៍ប្រជាជាតិនិយមប្រជាធិបតេយ្យ ( ICAP ) ជាដើម។
ឯករាជ្យ និងអព្យាក្រឹត្យ ដែលជាក្រឹតក្រមនយោបាយបរទេសរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ជាជំហរដាច់ខាតមិនដាក់កម្ពុជាឱ្យឋិតនៅ ឬពាក់ព័ន្ធនឹងជំហរភូមិសាស្ត្រនយោបាយរបស់មហាអំណាចណាមួយនោះទេ គឺយើងរក្សានយោបាយភូមិសាស្ត្រ សេដ្ឋកិច្ច ដើម្បីផលប្រយោជន៍កម្ពុជា។ សម័យកាលនេះ កម្ពុជាបានដើរហួសពីនយោបាយតុល្យភាពហើយ ហើយសហរដ្ឋអាមេរិកក៏ស្វែងរកដៃគូសេដ្ឋកិច្ចផងដែរ ជាមួយនឹងរុស្ស៊ី គឺមិនដូចទសវត្សរ៍១៩៧០ នោះទេ ដែលកាលនោះកម្ពុជាជ្រើសរើសយកនយោបាយភូមិសាស្ត្រជំពាក់បំណុលសហរដ្ឋអាមេរិក ដែលបំណុលនេះជាឈាម និងជីវិតខ្មែររាប់លាននាក់»៕