(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូ អមដោយមន្រ្តីអង្គការ UNDP និង NPA នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំពេញអង្គស្តីពី «Mine Action Innovations (Methodologies and Technologies)» និងថ្លែងសុន្ទរកថា ស្តីពី The Challenges of Completion ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើប្រធានបទស្តីពី «Twenty years of Mine Action; Needs-driven, people-centered»។
កិច្ចប្រជុំទ្វេភាគីនៅទីក្រុងហ្សឺណែវនឹងជួយលើកំពស់ទំនាក់ទំនង និងបង្កើននូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ជាមួយ សហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងស្ថាប័ន-អង្គការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។
ជាមួយគ្នានោះដែរ ទេសរដ្ឋមន្រ្តី លី ធុជ នឹងជួបពិភាក្សាការងារជាមួយតំណាងមកពីបណ្តាប្រទេសផ្តល់ជំនួយ ទីភ្នាក់ងារ អង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំសំខាន់ៗនៃមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់សកម្មភាពដោះមីនមនុស្សធម៌ (GICHD) ផងដែរ។
កិច្ចប្រជុំនេះនឹងផ្តល់នូវ ឱកាសដល់ប្រតិភូមកពីប្រទេសផ្សេងៗ ធ្វើការចែករំលែកនូវបទពិសោធន៍ ទាំងក្នុងតំបន់ និងសាកល ក្នុងគោលបំណង ផ្លាស់ប្តូរចំណេះដឹង និងបង្ហាញអំពីវឌ្ឍនភាពនៃសកម្មភាពមីនក៏ដូចជាពិភាក្សាលើបញ្ហាចម្បងសំខាន់ៗនៃ សកម្មភាពមនុស្សធម៌។
បន្ថែមពីលើនេះ ទេសរដ្ឋមន្រ្តី ក៏នឹងជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Stefano Toscano នាយក GICHD, ឯកអគ្គរដ្ឋទូត Sabrina Dallafior, នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់សកម្មភាពដោះមីនមនុស្សធម៌ទីក្រុងហ្សឺណែវ, លោក Vincent Choffat, ទីប្រឹក្សានយោបាយ និងយោធាលើការងារកាត់បន្ថយសព្វាវុធ, លោកស្រី Emma Atkinson, ប្រធានគម្រោងគ្រប់គ្រងជំនួយសកម្មភាពមីន នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និង លោក Steinar Essen, នាយកផ្នែកកាត់បន្ថយសព្វាវុធមនុស្សធម៌របស់អង្គការ Norwegian People's Aid ស្តីពីកិច្ចសហប្រតិបត្តិ និងភាពជាដៃគូ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
តាមរយៈវេទិកាប្រចាំឆ្នាំនេះ គណៈប្រតិភូកម្ពុជា នឹងចែករំលែកផ្លាស់ប្តូរនូវបទពិសោធន៍ពាក់ព័ន្ធនឹងការងារវិស័យមីន ជាមួយ គណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីសិក្សាពីការអនុវត្តគម្រោងបោសសម្អាតមីន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ តែងតែរៀបចំកិច្ចប្រជុំអន្តរជាតិស្តីពី “National Mine Action Programme Directors and United Nations Advisors” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕