(ថៃ)៖ រថយន្តគ្រប់ម៉ូដែល ជាពិសេសម៉ូដែលភិកអាប់ របស់ក្រុមហ៊ុន «Isuzu»ត្រូវបានគេមើលឃើញថា មានការវាយលុកទីផ្សារខ្លាំង នៅក្នុងប្រទេសថៃ ខណៈក្នុងថ្ងៃខ្លះមានការកុម៉្មង់ទិញ រហូតដល់ជាង១០០គ្រឿង ដែលជាទំហំទីផ្សារនៃការលក់មួយ មានទំហំធំជាងគេ គួរឲ្យភ្ញាក់ផ្អើល ស្របពេលដែលប្រទេសកម្ពុជា ក៏កំពុងតែមានសន្ទុះ ទៅតាមកំណើន របស់សេដ្ឋកិច្ចជាតិផងដែរ។ ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិលធីឌី ដែលហៅកាត់ថា ធីស ឬ TIS បានទទួលជោគជ័យយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ ដោយសារក្រុមហ៊ុននេះ រួមសហការជាមួយ សហគ្រាសពាណិជ្ជកម្មនាំមុខគេ លើពិភពលោក ដូចជា Mitsubishi Corporation និង Isuzu Motors Limited (ប្រទេសជប៉ុន) ដែលជាអ្នក ផលិតម៉ាស៊ីនម៉ាស៊ូត និងរថយន្តអាជីវកម្ម លំដាប់ថ្នាក់ពិភពលោក។
តំណាងក្រុមហ៊ុន «Isuzu» ប្រចាំក្នុងប្រទេសថៃ បានថ្លែងប្រាប់ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកម្ពុជា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ TIS បានពង្រឹង កេរ្តិ៍ឈ្មោះរបស់ «Isuzu» ឲ្យក្លាយជា រថយន្តនាំមុខគេនៅក្នុងប្រទេសថៃ ព្រមទាំងទទួលបាន ទំនុកចិត្តដ៏ខ្ពស់ ពីអ្នកប្រើប្រាស់រថយន្ត នៅក្នុងប្រទេសថៃ។ ទោះបីជា TIS គឺជាអ្នកនាំមុខគេ លើទីផ្សារក៏ដោយក៏ TIS នូវតែបន្តផ្ដល់នូវបច្ចេកវិទ្យា និងផលិតផលច្នៃប្រឌិតថ្មីជូន ទីផ្សាររថយន្តនៃប្រទេសថៃ។ TIS បានទទួលជោគជ័យច្រើនគួរឲ្យកត់សម្គាល់ ចំពោះការចេញ ម៉ូដែល Isuzu ថ្មីៗគ្រប់ប្រភេទផងដែរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ច មិនអំណោយផលយ៉ាងណាក៏ដោយ។
សមិទ្ធិផលដ៏ល្អប្រសើរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក បានធ្វើឲ្យ TIS ទទួលបាននូវទំនុកចិត្តពី Isuzu Motor (ប្រទេសជប៉ុន) ដែលផ្ដល់សិទ្ធិឲ្យ TIS នាំចេញ រថយន្ត «Isuzu D-Max» និង «Isuzu MU-X» មកក្នុងប្រទេសកម្ពុជា និង ប្រទេសឡាវ។ ប្រទេសទាំងពីរនេះ កំពុងតែមានសក្ដានុពលទីផ្សារដ៏អស្ចារ្យ ដោយសារមានកំណើន GDP ៧% នៅកម្ពុជា និង ៦% នៅឡាវ។ កំណើន GDP នេះគឺជាជំហានសំខាន់ដំបូងបង្អស់សម្រាប់ TIS និង «Isuzu» ក្នុងការឈានជើងចូលក្នុងទីផ្សារអាស៊ាន។
តំណាងដដែលបន្តថា គោលការណ៍របស់ TIS គឺត្រូវផលិតរថយន្តដ៏ល្អឥតខ្ចោះ «Premier» របស់ម៉ាក Isuzu នៅក្នុងប្រទេសកម្ពុជា ដោយប្ដេជ្ញាបន្តអនុវត្ត តាមទស្សនៈនៃប្រតិបត្តិការពាណិជ្ជកម្ម ដែលបានប្រើប្រាស់ក្នុងអាជីវកម្ម អស់រយៈពេល ៦០ ឆ្នាំកន្លងមកហើយនៅក្នុងប្រទេសថៃ។ ទស្សននេះ ត្រូវបានគេហៅថា « Isuzu spririt» ពោលគឺ «ផ្ដល់សុភមង្គល និងវិបុលភាពដល់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់សង្គមជាតិ» ដើម្បីលើកកម្ពស់ស្តង់ដា របស់ក្រុមហ៊ុនតំណាងលក់
រថយន្ត Isuzu ទាំងលើការលក់ និងការផ្ដល់សេវាក្រោយពេកលក់ ព្រមទាំងជួយបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិក។ ខណៈដែលអតិថិជនប្រើប្រាស់រថយន្ត ដែលមានតម្លៃសាកសមបំផុត ទៅនឹងតម្លៃនៃសាច់ប្រាក់ដែលអតិថិជន បានចំណាយ ពោលគឺមានគុណភាពខ្ពស់បំផុត មានភាពធន់បំផុត អាចសន្សំសំចៃប្រេងបានច្រើន មានតម្លៃលក់បន្តល្អបំផុត មានសេវាកម្មក្រោយការលក់ ជាមួយនិងគ្រឿងបន្លាស់គ្រប់គ្រាន់ដែលធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត និងពេញចិត្តគ្រប់ទិដ្ឋភាព ផងដែរ។
សូមបញ្ជាក់ថា ក្រៅពីការកសាងកេរ្តិ៍ឈ្មោះ «Isuzu» ឲ្យមានភាពរឹងមាំ សព្វថ្ងៃ TIS បានត្រៀមរួចជាស្រេច ក្នុងការនាំមកនូវផលិតផល ដែលមានគុណភាពអស្ចារ្យ គឺរថយន្ត ភិកអាប់ ដ៏ល្អឥតខ្ចោះ «New! Isuzu D-Max Blue Power» និងរថយន្ត SUV ដ៏ល្អឥតខ្ចោះ «New! Isuzu MU-X Blue Power»។ រថយន្តទាំងពីរនេះ មានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹង តម្លៃសមរម្យបំផុត បើធៀបទៅនឹងតម្លៃនៃសាច់ប្រាក់ ដែលអតិថិជនបានចំណាយ ពោលគឺផ្ដល់អត្ថប្រយោជន៍ខ្ពស់បំផុត ពីម៉ាស៊ីនម៉ាស៊ូត «New Blue Power» ដែលត្រូវបានគេទទួលស្គាល់ថា វាផ្ដល់នូវថាមពលខ្លាំង និងការសន្សំសំចៃប្រេងច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។
ការនាំមកជា មួយនូវបច្ចេកវិទ្យា Isuzu Insight គឺជាបច្ចេកវិទ្យានៃអនាគតកាល ដែលត្រូវបាន បំពាក់ផ្តាច់មុខជាមួយរថយន្ត ISUZU។ បច្ចេកវិទ្យានេះនឹងកត់ត្រាឥរិយាបទ របស់អ្នកបើកបរ និងសង្ខេបទិន្នន័យ ទៅជារបាយការណ៍ Webgraph ដែលងាយស្រួលយល់ អាចឲ្យអ្នកបើកបរអាចស្វែងយល់ និងកែលំអឥរិយាបទ បើកបររបស់ខ្លួន ដើម្បីការសន្សំសំចៃប្រេងច្រើន និងសុវត្ថិភាពក្នុងពេល បើកបរ។ បច្ចេកវិទ្យា Isuzu Insight ត្រូវបានទទួលស្គាល់ ដោយក្រុមហ៊ុន ធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា។
ដោយឡែកងាយមកមើលទីផ្សារលក់រថយន្ត Isuzu នៅក្នុងប្រទេសកម្ពុជាវិញ ត្រូវបានគេមើលឃើញថា កំពុងតែមានកំសន្ទុះតាមកំណើនសេដ្ឋកិច្ចជាតិ ដែលមានរង្វង់ប្រមាណ៧% ក្នុងឆ្នាំ២០១៦ ហើយនឹងកើនឡើងបន្ថែមទៀត ក្នុងឆ្នាំ២០១៧នេះ។ យោងតាមការអះអាង របស់ប្រធានគ្រប់គ្រងទូទៅ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ថ្វីត្បិតតែរថយន្ត Isuzu ប្រទេសភីកអាប់ មិនសូវមានការពេញនិយម ប៉ុន្តែរថយន្តម៉ាក Isuzu MU-X Blue Power ក៏កំពុងតែមានសន្ទុះទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តម៉ាកផ្សេងៗ ផងដែរ។
នៅក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន Isuzu កំពុងតែដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារជាច្រើន ដើម្បីទទួលបាននូវបរិមាណនៃការលក់ មានកំណើនកើនឡើង ដូចទៅនឹងទីផ្សារក្នុងប្រទេសថៃ បើទោះបីជាមិនបាន១០០%ក្ដី ប៉ុន្តែនេះ ជាគោលការណ៍ចំបងមួយ ដែល Isuzu ត្រូវតែបន្តធ្វើទៅមុខដោយសន្សឹមៗ និងស្ថិតក្នុងក្ដីរំពឹងខ្ពស់៕