(បាត់ដំបង)៖ ក្មេងទំនើងដែលរួមមាន ក្មេងប្រើប្រាស់គ្រឿងញៀន ក្មេងបង្កភាពអនាធិបតេយ្យជិះម៉ូតូ ជាក្រុមបង្ហោះ ស្រែកឡូឡា ចុចសុីប្លេពេលយប់ និងក្រុមក្មេងប្រមូលផ្ដុំគ្នាពពាក់ពពូន នៅតាមសួនច្បារសាធារណៈជាដើមត្រូវបានកម្លាំងនគរបាលនៃស្នង ការដ្ឋានខេត្តបាត់ដំបងបើកយុទ្ធនាការ ប្រមូលយកមកធ្វើការ ត្រួតពិនិត្យតែមួយយប់បាន រហូតដល់ទៅ៥៦នាក់ឯណោះ។
ប្រតិបត្តិការប្រមូលក្មេងទំនើងបង្កភាពអនាធិបតេយ្យពេលយប់នៅកណ្ដាលក្រុងបាត់ដំបងនេះបានចាប់ផ្ដើមឡើងពីម៉ោង០០និង២០នាទី ថ្ងៃទី៥ ខែកុម្ភះ រហូតដល់ម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧នេះ គឺប្រមូលបានក្រុមក្មេងទំនើង គ្រប់ប្រភេទបានចំនួន៥៦នាក់ យកទៅធ្វើការត្រួតពិនិត្យ នៅស្នងការដ្ឋាន។ក្នុងនោះជាលទ្ធផលក្នុងចំណោមក្មេងទំនើងទាំង៥៦នាក់នេះ សមត្ថកិច្ចបានរកឃើញ ក្មេងទំនើង២២នាក់ មានប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់ខាងលើ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យបន្ត បើអ្នកណាមានពាក់ព័ន្ធបទល្មើស ត្រូវកសាងសំណុំ រឿងចាត់ការតាមច្បាប់។ចំណែកអ្នកមិនពាក់ព័ន្ធ គឺសមត្ថកិច្ចធ្វើការអប់រំ និងអោយអាណាព្យាបាល មកធានាយកទៅវិញ៕