(ភ្នំពេញ)៖ បុរសជាអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខេស៊ីមិនម្នាក់ ដែលបានធ្វើទារុណកម្មវាយធ្វើបាប និងប៉ុនប៉ងចាក់សម្លាប់ស្រ្តីម្នាក់ជាអ្នកក្បែរខាងគ្នា នៅថ្ងៃម្សិលម៉ិញនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ រំលងអាធ្រាត្រ ខណៈវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីព្យាយាមរត់គេចខ្លួនបាត់ បានរយៈពេល១២ម៉ោង។
ស្រ្តីរងគ្រោះមានឈ្មោះ អ៊ឹម ស្រីម៉ៅ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបុរសឈ្មោះ ឆេង លី ជាអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនខេស៊ីមិន ស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា យកកូនកាំបិតប៉ងចាក់សម្លាប់ដោយមិនដឹងមូលហេតុ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ តែមិនបានដូចចិត្ត ព្រោះត្រូវអ្នកជិតខាងរត់ទៅជួយទាន់ ថែមទាំងគម្រាមតាមសម្លាប់ឲ្យបានទៀត។
ស្រ្តីរងគ្រោះបាននិយាយថា ខ្លួននិងជនបង្កខាងលើជាអ្នកក្បែរខាងគ្នា ហើយមិនដែលមានទំនាស់នឹងគ្នាទាល់តែសោះ ប៉ុន្តែមិនដឹងថាជននោះខឹង ឬមានគំនុំអ្វីជាមួយខ្លួនតាំងពីពេលណាមកទេ ទើបបានជាវាយធ្វើបាប និងប៉ងសម្លាប់ខ្លួនបែបនេះ។
ស្រ្តីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនបានបោសសម្អាតផ្ទះ ស្រាប់តែជននោះស្រែកឡូឡាដាក់នាង ហើយបានទាញអំបោស មកវាយលើរូបនាងទាំងកម្រោលដោយមិនដឹងមូលហេតុ បន្ទាប់មកជននោះ បានទាញយកកូនកាំបិតប៉ងចាក់សម្លាប់នាងទៀត ប៉ុន្តែបានអ្នកជិតខាងជួយទាន់។
ក្រោយពីមានការភ្ញាក់ផ្អើល ជនបង្កបានបើករថយន្ត ម៉ាកវីហ្គោ គេចខ្លួនបាត់ ព្រមទាំងបានគម្រាមតាមទូរស័ព្ទថា ទោះនាងទៅដល់ទីណា ក៏តាមសម្លាប់នាងចោលដែរ និងគម្រាមថានឹងដាក់ពាក្យប្ដឹងនាងទៀតផង។
ក្រោយពេលទទួលរងទារុណកម្ម និងការប៉ុនប៉ងចាក់សម្លាប់ ពីសំណាក់ជនដៃដល់ខាងលើរួចមក ស្ដ្រីរងគ្រោះ បានទូរស័ព្ទសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ហើយកម្លាំងនគរបាលក៏បានចុះទៅភ្លាមៗ។ លុះដល់វេលាយប់រំលងអាធ្រាត្រ ថ្ងៃដដែលនោះ ទើបកម្លាំងនគរបាល ឃាត់ខ្លួនជនបង្កបានក្នុងផ្ទះតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំទៅសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាត់តាមច្បាប់៕
ស្រ្តីរងគ្រោះឈ្មោះ អ៊ឹម ស្រីម៉ៅ