កម្លាំងនគរបាលខេត្តរតនគិរី បង្ក្រាបរថយន្តដឹកឈើប្រណិតៗមួយគ្រឿង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមច្បាប់
06-02-2017 11:00
(រតនគិរី)៖ លោកវរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា កម្លាំងនគរបាលខេត្តរតនគិរី បានចុះស្លាក់តាមចាប់បានរថយន្តដឹកឈើប្រណិតៗ មួយគ្រឿងម៉ាក Camry នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងខេត្ត ទទួលបន្ទុកប្រឆាំងបទល្មើស។
លោក នូវ ដារ៉ា បានបញ្ជាក់ទៀតថា បន្ទាប់ពីស្ទាក់ចាប់រថយន្តដឹកឈើបាន អ្នកបើករថយន្តក៏បានរត់គេចខ្លួន។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
លុះព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាលជំនាញបានប្រគល់វត្ថុតាង រថយន្ត Camry ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-1428 និងឈើប្រណិតជាច្រើនដុំ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ចាត់ការបន្តតាមច្បាប់៕