(ភ្នំពេញ)៖ សម្តេចរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ដែលជាព្រះរាជមហេសីទី៤ របស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ បានយាងសោយទិវង្គត កាលពីរំលងអាធ្រាត្រថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅព្រះរាជតំណាក់ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នេះបើយោងតាមអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
ចំណែក Facebook សែរាជវង្សមួយអង្គ ព្រះនាម ស៊ីសុវត្ថិ លីម វុទ្ធីយ៉ា ក៏បានបង្ហោះរូបភាព និងខ្លឹមសារដូចខាងលើនេះផងដែរ។
យោងតាមប្រភពដដែលនេះ បានឲ្យដឹងថា សម្តេចព្រះរាជកន្និដ្ឋា នរោត្តម នរល័ក្ស ទ្រង់ជាបុត្រី នៃព្រះអង្គម្ចាស់ នរោត្តម សិង្ហរា ជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ថាវេត បងស្រីបង្អស់ នៃព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា។ សម្តេចព្រះរាជកន្និដ្ឋាទ្រង់ជាព្រះរាជនត្តា (ចៅ) នៃព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ប្រសូតនៅថៃ្ងទី២៧ ខែធ្នូ ឆ្នាំ១៩២៧ ទ្រង់ក៏ជាព្រះភគនេយ្យា នៃព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍ សេរីវឌ្ឍនា និង ជាបងប្អូនជីដូនមួយជាមួយព្រះបរមរតនកោដ្ឋផងដែរ។
សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់បានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នាឆ្នាំ១៩៥៥ ក្រោយពេលដែលសម្តេចបានលែងលះស្វាមីទីមួយរបស់ទ្រង់គឺ ព្រះអង្គម្ចាស់ នរោត្តម ថាគ្រីវ័ន នៅឆ្នាំ១៩៤៥ នៅក្នុងសំណេរនៃព្រះបរមរតនកោដ្ឋ ទ្រង់បានឡយថា សេ្នហារបស់ព្រះអង្គជាមួយសម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ជាសេ្នហាដ៏ធំធេងរបស់ទ្រង់។
សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវិត នរល័ក្ស ទ្រង់ពុំមានបុត្រាបុត្រីសូម្បីតែមួយអង្គ បន្ទាប់ពីបានរួមរស់ជាច្រើនឆ្នាំជាមួយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឆ្នាំ១៩៧៥ ទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជាទៅនៅ ទីក្រុងប៉ារីស ប្រទេសបារាំងរហូតដល់អស់ព្រះជន្មាយុតែម្តង៕