(រតនគិរី)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានរយៈពេលប៉ុន្មានថ្ងៃនេះ បានបង្ហោះព័ត៌មានស្តីពីក្មេងស្រីម្នាក់មានជំងឺរ៉ាំរៃ កាន់តែធ្ងន់ទៅៗ អស់រយៈពេល២ឆ្នាំមកហើយ ដោយមិនមានលទ្ធភាពព្យាបាលនោះ ពោលរង់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ ដែលត្រូវប្រជាពលរដ្ឋនៅក្នុងភូមិ និងឪពុកនាងសូមអង្វរដល់សប្បុរសជន មេត្តាជួយសង្គ្រោះជីវិតនាង នាពេលនេះត្រូវបានសង្គ្រោះជីវិត ដោយសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
ដោយមានសេចក្តីអាណិតអាសូរពីសំណាក់បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្នមុន្នី ចំពោះក្មួយស្រីឈ្មោះ ហំ ស្រីលីន អាយុ១២ឆ្នាំ ជនជាតិខ្មែរ ដែលមានឪពុកឈ្មោះ ពៅ តឿ អាយុ៤០ឆ្នាំ ធ្វើកម្មករ ជៀជ័រកៅស៊ូ រស់នៅក្នុងចំការគេ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានបញ្ជូនមកដល់ភ្នំពេញហើយក្រោមការឧបត្ថម្ភការព្យាបាល ការធ្វើដំណើរ ការស្នាក់នៅនិងការចំណាយផ្សេងៗពីសំណាក់បងប្រុស ហ៊ុន ម៉ាណែតនិងបងស្រីពេជ ចន្នមុន្នី និងក្រោមការយកចិត្តទុកដាក់សម្រសម្រួល និងព្យាបាលពីក្រុមការងារសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយផ្នែកដែលពាក់ព័ន្ធ។
តាមការរៀបរាប់របស់លោក ពៅ តឿ ដែលជាឪពុកក្មួយស្រីបានឱ្យដឹង ទាំងពីរនាក់ឪពុកនិងកូនប្រុស ព្រលឹមចេញធ្វើការ ល្ងាចចូលផ្ទះ ពេលថ្ងៃចូលតែពេលបាយ ទុកក្មេងស្រីឲ្យនៅម្នាក់ឯង ដោយមិនមានថ្នាំសង្កូវព្យាបាលទេ ពោលគឺរង់ចាំដល់ពេលស្លាប់តែប៉ុណ្ណោះ។
បន្ទាប់ពីគាត់បាននាំប្រពន្ធកូន មករស់នៅធ្វើកម្មករជៀជ័រកៅស៊ូឲ្យគេ បានប៉ុន្មានខែ កូនស្រីរូបនេះក៏ធ្លាក់ខ្លួនឈឺ ចំណែកប្រពន្ធរបស់គាត់ឈ្មោះ ខន ស្រីឌី អាយុ៣៤ឆ្នាំ បានរត់ចោលគ្រួសារទៅបាត់ដោយទុកកូនឲ្យនៅឈឺ មិនមានអ្នកមើលថែ បើគាត់នៅមើលថែកូនមិនទៅធ្វើការ ត្រូវដាច់ពោះស្លាប់ទាំងអស់គ្នា។ ដូច្នេះមានតែទុកកូនឲ្យរស់តាមយថាកម្មតែប៉ុណ្ណោះ បើសិនជាព្យាបាលមិនដឹងថាប្រាក់ប៉ុន្មានព្យាបាលជានោះទេ។
ដោយឡែកអ្នករស់នៅជិតខាង ក៏បានសុំអង្វរជំនួសក្មេងស្រី ដល់សប្បុរសជនមេត្តាជួយដល់ក្មេងស្រីនេះផង ពីព្រោះពួកគាត់មិនមានអ្វីអាចជួយបានទេ បានត្រឹមសួរសុខទុក្ខ មានចំណីបន្តិចបន្តួចជួយចែករំលែកម្ដងម្កាលតែប៉ុណ្ណោះ។
ក្រុមគ្រួសារក្មេងស្រី ហំ ស្រីលីនព្រមទាំងប្រជាពលរដ្ឋអ្នកជិតខាង នៅក្នុងមូលដ្ឋានបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៍ សប្បុរសធម៌មិនអាចកាត់ថ្លៃបានរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកស្រី ពេជ ចន្នមុន្នី ដែលបានឧបត្ថម្ភការព្យាបាល ការធ្វើដំណើរ ការស្នាក់នៅនិងការចំណាយផ្សេងៗ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារ សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងផ្នែកដែលពាក់ព័ន្ធដែលបាន យកចិត្តទុកដាក់សម្រសម្រួល និងព្យាបាលកូនស្រីរបស់គាត់៕