(កំពង់ចាម)៖ ក្រោយដឹងថាសាលាដំបូងខេត្តកំពង់ចាម សម្រចប្រគល់ដីមួយកន្លែងទៅឲ្យដើមបណ្ដឹងរួចមក លោកយាយចាស់ជរា ឡោ លន់ អាយុ៨៥ឆ្នាំ បានអំពាវនាវស្នើដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍រកខុសត្រូវ ដើម្បីទទួលបានដីដែលគាត់កាន់កាប់យូរឆ្នាំមកវិញ ទុកសម្រាប់រស់នៅក្នុងឱកាសជីវិតចុងក្រោយ ហើយលោកយាយ បានព្រមានថា នឹងដុតខ្លួនឯង បើសិនតុលាការចុះអនុវត្តដីកាយកដីគាត់ប្រគល់ទៅឲ្យភាគីម្ខាងទៀត នាថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
លោកយាយ ឡោ លន់ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា តាំងពីឆ្នាំ១៩៧៩ មក លោកយាយបានទៅកាប់ឆ្ការព្រៃលើដីមួយកន្លែង គ្រាន់ទុកសម្រាប់ធ្វើខ្ទមមួយរស់នៅទីនោះ តាំងពីនៅមានព្រៃក្រាស និងតាំងពីមានមនុស្សរស់នៅក្បែរគ្នា តែ២គ្រួសារនៅឡើយ។
មកដល់សម័យរដ្ឋកម្ពុជា ក្នុងឆ្នាំ១៩៩២ រដ្ឋបាលស្រុកបាធាយ ខេត្តកំពង់ចាម បានបង្កើតក្រុមការងារចុះវាស់វែង មានរដ្ឋអំណាចភូមិ/ឃុំ និងមានការិយាល័យសូរិយោដីស្រុក ចុះវាស់វែងដី ព្រមទាំងបានផ្តល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលេខ I70129 ចុះថ្ងៃទី២២ កញ្ញា ១៩៩២ ជូនលោកយាយ។ មកដល់ពេលបច្ចុប្បន្ន ប្រធានការិយាល័យភូមិបាលស្រុកបាធាយ បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់លោកយាយ «ជាប្លង់កាន់កាប់ដីធ្លីពិតប្រាកដមែន»។
លោកយាយបានថ្លែងទាំងអួលដើមកថា «ប្រសិនបើច្បាប់អនុវត្តន៍ខុសពីខ្មៅទៅជាស សទៅជាខ្មៅ និងគ្មានមេត្តាករុណាដល់ជនចាស់ជរាបែបនេះ ខ្ញុំមានតែដុតសម្លាប់ខ្លួនឯងចោល លើដីនេះតែម្តង នៅពេលដែលតុលាការខេត្តកំពង់ចាម ចុះមកអនុវត្តន៍នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ»។
ចំណែកដើមបណ្តឹងមានឈ្មោះ ឆេ ស៊ីម បានចោទប្រកាន់ដល់មន្រ្តីសូរិយោដីស្រុកបាធាយថា ក្នុងឆ្នាំ១៩៩១ រូបគាត់បានទៅធ្វើប្លង់នៅសាលាស្រុកដែរ ប៉ុន្តែសុរិយោដីស្រុក មិនបានចេញឲ្យរូបគាត់នោះឡើយ។ យោងតាមកំណត់ហេតុ នៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផល របស់តុលាការខេត្តកំពង់ចាម ចុះនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ដើមបណ្តឹងឈ្មោះ ឆេ ស៊ីម បានលើកឡើងថា «នៅក្នុងឆ្នាំ១៩៩៧ ឈ្មោះ ឡោ លន់ បានមកសុំដីរបស់គាត់ (គឺដីទំនាស់បច្ចុប្បន្ន) ឲ្យទៅចៅលក់ដូរ»។
បើយោងតាមប្រកាសរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ករណីមានប្រជាពលរដ្ឋរស់នៅលើដីធ្លី ចាប់ពី៥ឆ្នាំឡើងទៅ និងសង្កេតពីស្ថានភាពនៃការរស់នៅ ដូចជាមានការដាំដុះដែលជាសម្គាល់ ក្នុងរយៈពេលជាង៥ឆ្នាំនេះ រាជរដ្ឋាភិបាលនឹងសម្រេចឲ្យបុគ្គលនោះរស់នៅស្របច្បាប់។
អតីតប្រធានការិយាល័យសូរិយោដី នៃស្រុកបាធាយ លោក ឈាង គីមអាង បានបញ្ជាក់ថា កាលលោកនៅជាមន្រ្តីការិយាល័យ និងបានចុះវាស់វែងជាមួយអាជ្ញាធរភូមិ/ឃុំ ដើម្បីចេញបណ្ណជូនប្រជាពលរដ្ឋ លោកយាយ ឡោ លន់ ពិតជាទទួលបានបណ្ណសម្គាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលេខ I70129 ពិតប្រាកដមែន។
លោក ឈាង គីមអាង បានបញ្ជាក់ថា ចំពោះបញ្ហាចុះវាស់វែងនេះ ឈ្មោះ ឆេ ស៊ីម មិនបានមកវាស់វែង និងធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីនេះទេ ព្រោះពេលនោះឈ្មោះ ឆេ ស៊ីម បានមកប្រាប់គាត់ថា គាត់មានដីនៅម្តុំនេះដែរ ហើយលោក ឈាង គីមអាង ក៏បានប្រាប់ទៅឈ្មោះ ឆេ ស៊ឺម វិញថា បើចង់ប្តឹងគឺអាចប្តឹងបាន នៅពេលក្រុមការងារកំពុងចុះវាស់វែង ឬនៅពេលកំពុងបិតប្រកាស ដែលមានសុពលភាព១ខែ ទុកឲ្យតវ៉ា ប៉ុន្តែឈ្មោះ ឆេ ស៊ីម គឺពុំបានទៅប្តឹងនោះទេ រហូតដល់រយៈពេលជិត២០ឆ្នាំ ទើបឮឈ្មោះ ឆេ ស៊ីម មកប្តឹងផ្តល់គ្នាជាមួយឈ្មោះ ឡោ លន់ ទៅវិញ ។
ពាក់ព័ន្ធនឹងទំនាស់ក្តីក្តាំរវាងភាគីទាំងពីរខាងលើ កំណត់ហេតុដែលកើតរឿងរ៉ាវមកដល់ពេលនេះ បានកើតមុនដំបូងបង្អស់ ចេញពីបណ្តឹងនៅសាលាឃុំ បច្ចុប្បន្នបណ្តឹងដែលធ្វើនៅសាលាឃុំនោះ ត្រូវបានភាគីចុងចោទបរិសេធថា ជាបណ្តឹងក្លែងក្លាយ ព្រោះមានកំណត់ហេតុសរសេរ២រឿងផ្សេងៗគ្នា ក្នុងពេលតែមួយ ព្រមទាំងគ្មានច្បាប់ដើមរក្សានៅសាលាឃុំ សម្រាប់បញ្ជាក់ឲ្យបានត្រឹមត្រូវនោះឡើយ។
ទាក់ទិនបញ្ហានេះ លោកយាយ ឡោ លន់ បានអំពាវនាវទទូចរកអ្នកច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជួយអន្តាគមន៍រកខុសត្រូវ និងផ្តល់ភាពយុត្តិធម៌ ដើម្បីទទួលបានដីខាងលើទៅវិញ សម្រាប់រស់នៅក្នុងឱកាសចុងក្រោយ៕