(ឧត្តរមានជ័យ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១,០០០នាក់ ដោយឥតគិតថ្លៃនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុងបរិវេណវរៈសេនាតូច៤២២ ចំណុះឲ្យកងពលថ្មើរជើងលេខ៤២ ស្ថិតនៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។

មុនពិធីពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ និងកងទ័ព បានទទួលទានយ៉ាងឆ្ងាញ់ពិសារ។

ពិធីពិនិត្យជំងឺដោយឥតគិតថ្លៃនេះរួមមាន៖ វះកាត់ជំងឺតូច, ពិនិត្យរោគស្ត្រី, ជំងឺទូទៅ, សម្ភព, អេកូសាស្ត្រ, ពិនិត្យ និងព្យាបាលធ្មេញ, ផ្តល់ថ្នាំទម្លាក់ដង្កូវពោះវៀន និងអប់រំសុខភាព សហគមន៍ ជូនប្រជាពលរដ្ឋ ដែលរង់ចាំការពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកជូនសម្ភារៈប្រើប្រាស់ និងចែកជូនវែនតាជូនលោកយាយ លោកតា, រទេះរុញសម្រាប់អតីតយុទ្ធជនពិការជាច្រើននាក់។

ក្នុងពិធីនេះមានការចូលរួមពីមេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ និងលោក ស ថាវី អភិបាលខេត្តឧត្តមានជ័យផងដែរ៕