(បាត់ដំបង)៖ កម្មវិធីប្រកួតជើងឯកនិយាយ ភាសាអង់គ្លេស ២០១៧ ខេត្តបាត់ដំបងនេះ គឺជាផ្នែកមួយនៃកម្មវិធីប្រឡងប្រជែង ផ្នែកនិយាយភាសា អង់គ្លេស របស់ក្រុមហ៊ុនស្ព្រីងបត ហើយកម្មវិធីនេះ រៀបចំឡើងដោយការសហការរវាងសាលាអន្តរជាតិUSA សាខាបាត់ដំបង ក្រុមហ៊ុនស្ព្រីងបត ក្រុមហ៊ុនឯកជន និងជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលភាសាអង់គ្លេសមួយចំនួន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
គោលបំណងចម្បង នៃកម្មវិធីនេះ គឺរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ជាពិសេសផ្នែកភាសាអង់គ្លេស ព្រមទាំងលើកទឹកចិត្តដល់ យុវជន ឱ្យកាន់តែមានភាពក្លាហានក្នុងការនិយាយជាសាធារណៈ។
ជាក់ស្ដែងនាព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារស្ទឹងសង្កែ ក្រុងបាត់ដំបង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចូលរួមជាអធិបតី ក្នុងពិធីប្រកួតជើងឯកនិយាយ ភាសាអង់គ្លេស ២០១៧ ខេត្តបាត់ដំបង សម្រាប់វគ្គជម្រុះជម្រើសជើងឯក ចូលរួមប្រកួតនៅរាជធានីភ្នំពេញ។
បេក្ខជនចូលរួមប្រកួតក្នុងកម្មវិធីនេះ មានសរុប៤៣នាក់ ហើយ បេក្ខជនគ្រប់រូបត្រូវបង្ហាញទេសពកោសល្យ និងជំនាញ ក្នុងការនិយាយជាភាសាអង់គ្លេស ជាសាធារណៈ រយៈពេល៥នាទី និងឆ្លើយ១សំនួរ របស់គណៈកម្មការផ្ដល់ពិន្ទុ។
សម្រាប់វគ្គជម្រុះចុងក្រោយនាថ្ងៃនេះ បេក្ខជន១០នាក់ត្រូវបញ្ចេញទេពកោសល្យនិយាយរបស់ខ្លួន។ កម្មវិធីនេះនឹងជ្រើសរើសសិស្សជ័យលាភី ចំនួន០៤នាក់ សម្រាប់ចូលរួមប្រកួតប្រជែង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅរាជធានីភ្នំពេញ ក្នុងពេលខាងមុខ។
បន្ថែមលើសពីនេះ ជ័យលាភីថ្នាក់ខេត្តនឹងត្រូវផ្ដល់ជាការលើកទឹកចិត្តឱ្យបំពេញទស្សនកិច្ចសិក្សានៅប្រទេសថៃ។ សម្រាប់ជ័យលាភីក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងត្រូវផ្ដល់ឱកាសបំពេញទស្សនកិច្ច ជាមួយក្រុមគ្រួសារចំនួន១សប្ដាហ៍នៅចក្រភពអង់គ្លេស។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងការគាំទ្រ និងសាទរចំពោះការបង្កើតឱ្យមានកម្មវិធីនេះឡើង ហើយរដ្ឋបាលខេត្តនឹងគាំទ្របន្តទៀតផងដែរ។ លោកសំណូមពរ ឱ្យមានកម្មវិធីប្រកួតនេះនៅឆ្នាំក្រោយៗទៀត ដើម្បីបន្ដរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបណ្ដុះបណ្ដាលធនធានមនុស្ស សំខាន់គឺការកសាងកម្លាំងបន្តវេនសម្រាប់ការអភិវឌ្ឍប្រទេសនៅថ្ងៃអនាគត។
លោកបណ្ឌិត បានបន្ថែមថាឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានបង្កើនការចំណាយលើវិស័យអប់រំ ចំនួន ៣៥ភាគរយ ច្រើនជាងថវិកាចំណាយលើវិស័យអប់រំឆ្នាំ២០១៦ ជាពិសេសការតំឡើងប្រាក់បៀរវត្សរ៍ដល់គ្រូបង្រៀន ព្រមទាំងបានកែលំអកម្មវីធីសិក្សា និងការពង្រឹងការប្រលង ដូចជាការប្រលងមធ្យមសិក្សាទុតិយភូមិ ជាដើម។
ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពបានគឺអាស្រ័យដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងសេចក្ដីព្យាយាម រៀនសូត្រអំណត់អត់ធនរបស់សិស្សានុសិស្សផ្ទាល់ខ្លួនផងដែរ។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្ដ ចូលរួមឱ្យកាន់តែ សកម្មថែមទៀត ដើម្បីអភិវឌ្ឍឃឿនសេដ្ឋកិច្ច និងសង្គមជាតិ និងការកសាងធនធានយុវជនបន្ដវេន សម្រាប់ខេត្តបាត់ដំបងផង និងសម្រាប់ប្រទេសជាតិផង៕