ចូលកាន់តំណែងបាន៣ថ្ងៃ អធិការក្រុងពោធិ៍សាត់ថ្មី បង្ក្រាបល្បែងស៊ីសងជល់មាន់ បាន២ទីតាំង ឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងវត្ថុតាង
05-02-2017 21:14
(ពោធិ៍សាត់)៖ បន្ទាប់ពីចូលកាន់តំណែងបាន៣ថ្ងៃ អធិការនគរបាលក្រុងពោធិ៍សាត់ថ្មី លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងជល់មាន់ បាន២ទីតាំងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតសម្ភារបានមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០២ និង១៥នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិកំពង់ស្ទោង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមញៀនល្បែងស៊ីសងជល់មាន់ខាងលើនេះ មានគ្នាជាង១០នាក់ នៅពេលកម្លាំងនគរបាលទៅដល់ យើងបានឃាត់ខ្លួនមនុស្ស៥នាក់ ហើយខ្លះទៀតបានដាក់មេប្រូចបាត់ស្រមោល។
លោកអធិការបន្តថា វត្ថុតាងដកហូតបានរួមមាន ម៉ូតូ៥គ្រឿង កៅស៊ូសង្វៀនជល់មាន់០២ផ្ទាំង ជញ្ជីញសម្រាប់ថ្លឹងមាន់១ ធុងទឹកកក១ ឆ្នាំងដាំទឹក១ ប៊ោយដួសទឹក១ ធុងទឹក១ ធុងប្រេងម៉ាសីុនពុះជាពីរ២ ដបទឹកសុទ្ធដាក់ដីសម្រាប់ដោតធូបភ្នាល់ទឹក២ ចាន់ដែកតូច១ កញ្រ្ចែងតូចសម្រាប់ដាក់ស្លាបមាន់ ត្បាល់មាន់១ និងកៅអីឈើ១។
បច្ចុប្បន្នជនសង្ស័យត្រូវបានហៅមកធ្វើកិច្ចសន្យាអប់រំ ចំពោះវត្ថុតាងយកមករក្សាទុក និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕