(ភ្នំពេញ)៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហៅកាត់ថា TYDA ចំនួន១១៨នាក់ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសហការជាមួយក្រុមមន្រ្តីក្នុងសាលាសង្កាត់ស្រះចក ខណ្ឌដូនពេញ ចុះអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព អនាម័យរស់នៅ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ភូមិ២, សហគមន៍ភូមិ៣, សហគមន៍ភូមិ៦ និងសហគមន៍ភូមិ២២ សរុបចំនួន ៧៦៨ខ្នង។

ក្នុងសកម្មមនុស្សធម៌ចុងសប្ដាហ៍នេះ ក្រុមការងារស្ម័គ្រចិត្តនៃសមាគម TYDA ក៏បានចែកខិតបណ្ណព័ត៌មានអប់រំ ពីបញ្ហាសុខភាពមួយចំនួនផងដែរ ព្រមទាំងបានបង្ហាញពីការថែទាំជំងឺកម្រិតស្រាល នៅក្នុងសហគមន៍ និងការបញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ក្នុងករណីចាំបាច់។
 
ក្នុងពេលចុះបំពេញសកម្មភាពមនុស្សធម៌តាមសហគមន៍ម្ដងៗ ក្រុមការងារនៃសមាគម TYDA បានពិនិត្យ និងបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរ មកព្យបាលបន្តនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង មានករណីអ្នកជំងឺខ្លះ ដែលមានជំងឺសន្លាក់ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ក្រោមការឧបត្ថម្ភការព្យាបាល ការស្នាក់នៅ ការហូបចុក និងការចំណាយផ្សេងៗជាបន្ទុករបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្នមុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

ការចុះអប់រំសុខភាពតាមសហគមន៍នេះ ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីនានារបស់សមាគម TYDA ដែលរួមមានការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្ត ការចុះពិនិត្យ និងព្យាបាលដល់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមរោងចក្រ-សហគ្រាស ការចុះពិនិត្យ និងព្យាបាលកុមារកំព្រាដោយឥតគិតថ្លៃ នៅតាមអង្គការនានា និងសកម្មភាពផ្សេងៗរបស់សមាគមផ្ទាល់។
 
សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលនេះ ក្រុមការងារស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) បានចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋតាមសហគមន៍នានា បានចំនួន២៣គោលដៅហើយ៕