(ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមួយក្រុមដែលមានឈ្មោះថា«សូរនិស្ស័យ» នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសហការគ្នា រៀបចំកម្មវិធីមួយដែលមានឈ្មោះថា «Green Prom» ដែលជាកម្មវិធីជួបជុំមួយនៅក្រោយការបញ្ចប់ការសិក្សា របស់និស្សិតដោយ ផ្ដោតសំខាន់ទៅលើបរិស្ថាន ដែលធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ។
កម្មវិធីនេះ មានការចូលរួមពីសំណាក់លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងលោកគ្រូ អ្នកគ្រូ បុគ្គលិក សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា និងភ្ញៀវកិត្តិយស ប្រមាណ២០០នាក់ ក្នុងគោលបំណងដើម្បីអបអរដល់សិស្សនិស្សិត ដែលទើបតែបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាគ្រប់ជំនាន់ ។
កញ្ញា យក់ ឆេងលាង ប្រធានក្រុមសូរនិស្ស័យ បានឲ្យដឹងថា «កម្មវិធីGreen Prom គឺខុសប្លែកពី Prom ដទៃទៀត ពីព្រោះយើងផ្ដោតសំខាន់ទៅលើបរិស្ថាន ហើយថវិកាដែលនៅសល់កម្មវិធី នឹងត្រូវបានប្រើប្រាស់ទៅលើការងារសប្បុរសធម៌ អញ្ជឹងអ្នកចូលរួមបានសប្បាយផង ការពាបរិស្ថានផង ហើយគាំទ្រដល់សកម្មភាពសង្គមទៀត »។
ក្រៅពីនេះ ក្រុម«សូរនិស្ស័យ»ក៏បានធ្វើការផ្សព្វផ្សាយ ដើម្បីបណ្ដុះគំនិតដល់មនុស្សជំនាន់ក្រោយឲ្យចេះស្រលាញ់ បរិស្ថាននិងដើម្បីធ្វើជាគំរូដល់ពួកគេផងដែរ និងតាមគម្រោងរបស់ក្រុម ទឹកប្រាក់មួយផ្នែកដែលកម្មវិធីបានគៀរគរបានពីម្ចាស់ជំនួយ និងការលក់សំបុត្រ និងយកទៅប្រើប្រាស់លើការងារគ្រប់គ្រង អភិរក្សបរិស្ថាន ជួយដល់ក្រីក្រនិងកុមារ នៅខេត្តកំពត។
សូមបញ្ជាក់ថា នេះជាកម្មវិធីលើកទី១ហើយ ដែលនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានបង្កើតឡើងដើម្បីផ្ដល់ឱកាសឲ្យនិស្សិតនៅ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ទាំងបានបញ្ចប់ការសិក្សារួច និងមិនទាន់បញ្ចប់ការសិក្សាបានជួបជុំគ្នា៕