(ភ្នំពេញ)៖ សាខារបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មួយមានឈ្មោះថា ក្រុមហ៊ុន KINGDOM FRUIT នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តនាំចេញផ្លែស្វាយចំនួន ៦តោនកន្លះទៀត ដែលបានប្រមូលទិញ ពីប្រជាពលរដ្ឋនៅស្រុកស្រអែម ខេត្តព្រះវិហារ ទៅលក់នៅប្រទេសបារាំង។ នេះបើតាមបណ្ដាញសង្គម Facebook របស់លោកឧកញ៉ា ម៉ុង ឫទ្ធី។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើ Facebook របស់លោកថា «នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមហ៊ុន KINGDOM FRUIT បាននាំចេញផ្លែស្វាយដែលប្រមូលទិញ ពីប្រជាពលរដ្ឋនៅស្រុកស្រអែម ខេត្តព្រះវិហារ ចំនួន ១,១៣៤កេះ ស្មើនឹង ៦,៥០០គីឡូក្រាម ដឹកតាមជើងហោះហើរ QATAR ARIWAY Flights ឆ្ពោះទៅប្រទេសបារាំង»។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរបន្តថា ការនាំចេញផ្លែស្វាយពីកម្ពុជាចំនួន ៦តោនកន្លះ តាមជើងហោះហើរនេះ ជាជើងទី១១ហើយ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦មក៕