(សៀមរាប)៖ ក្រុមការងារគណៈកម្មការបង្រ្កាបបទល្មើសនេសាទពេញមួយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញប្រតិបត្តិការចុះរឹបអូសអួនពី ក្រុមនេសាទល្មើសច្បាប់នៅតំបន់ចុងឃ្នៀស ខេត្តសៀមរាប បានចំនួន ៣៦ទូក ជាមួយសាច់អួនរាប់ម៉ឺនម៉ែត្រ ពីក្រុមនេសាទល្មើសច្បាប់ភាគច្រើន ជាជនជាតិវៀតណាម និងឃាត់ខ្លួនជនជាតិវៀតណាម ពីរនាក់ផងដែរ។
លោក សាវ៉ាន់ សេរីវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្រ្កាប និងស្វែងរកសាច់អួននៅតាមផ្ទៃដឹក ដែលក្រុមជនល្មើស យកទៅដាក់តាមផ្ទៃបឹងទន្លេសាបនាពេលកន្លងទៅជួបការលំបាកដោយសារតែក្រុមសមត្ថកិច្ចមិនសូវស្គាល់ភូមិសាស្រ្ត និងមួយវិញទៀត ពិបាកក្នុងការដើររកកន្លែងក្រុមល្មើសដាក់សាច់អួន។
បន្ទាប់ពីពិនិត្យឃើញការលំបាកបែបនេះ ទើបក្រុមគណៈកម្មការបង្រ្កាបបទល្មើស បានដាក់ចេញវិធានការថ្មី ដោយតាមរកអួន ដែលក្រុមជនល្មើសយកទៅ លាក់តាមទូក ឬនៅក្នុងព្រៃវិញម្តង។ នេះបើតាមការបញ្ជាក់របស់លោក សាវ៉ាន់ សេរីវុឌ្ឍ។
លោក សេរីវុឌ្ឍ បន្តថា ប្រតិបត្តិការពេញមួយថ្ងៃទី០៥ ខែកុម្ភៈ នេះ ដោយមានកិច្ចសហការពីសហគមន៍ប្រជានេសាទផងនោះ បានរកឃើញទូកប្រព្រឹទ្ធបទល្មើស ចំនួន ៣៦ទូក។ ក្នុងនោះទូកប្រភេទអួនអូសយ៉ាងកាវ និងអួនអូសទឹកសាបចំនួន២៤ និងប្រភេទទូកសម្រាប់ដាក់អួនចំនួន ៨ទូក ហើយក៏ឃាត់ខ្លួនជនល្មើស បានពីរនាក់ ខណៈជនល្មើសដទៃទៀត បានដឹងខ្លួនរត់គេចខ្លួនអស់ទៅហើយ។
លោក សេរីវុឌ្ឍ បានបន្ថែមថា ក្នុងមួយទូកៗមានដាច់អួនរាប់តោន និងមានប្រវែងរាប់ពាន់ម៉ែត្រ។ ដូច្នេះសរុបទាំងអស់សាច់អួនយ៉ាងកាវមានរាប់សិបតោន និងរាប់ម៉ឺនម៉ែត្រ។
បើតាមលោក សេរីវុឌ្ឍ ក្រុមនេសាទល្មើសច្បាប់ដោយប្រើអួនយ៉ាងកាវ ឬ អួនអូសទឹកសាបនេះ ភាគច្រើនជាជនជាតិវៀតណាម និងជាអ្នកមានធនធាន ព្រោះអួនក្នុងមួយទូកៗ តម្លៃរាប់ម៉ឺនដុល្លារ ប្រជាពលរដ្ឋមានជីវភាពក្រីក្រមិនអាចរកបាននោះឡើយ៕