(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចេញលុយហោប៉ៅរបស់ខ្លួន ជួយត្រួសត្រាយរៀបចំធ្វើផ្លូវមួយខ្សែប្រវែង ៣គីឡូ ម៉ែត្រជូនប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលជាដើម។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីភូមិវើនសៃ ទៅភូមិអ៉ីទូប ឃុំវើនសៃ ស្រុកវើនសៃ។

ក្នុងដំណើរចុះពិនិត្យមើលផ្លូវនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ថង សាវុន ស្នើឲ្យប្រជាពលដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាផ្លូវនេះ សម្រាប់ប្រើប្រាស់បានយូរអង្វែង។ លោកអភិបាលខេត្ត ក៏បានសន្យាជួយកែលម្អរ ជួសជុលទៅជាផ្លូវក្រាលគ្រួសក្រហមផងដែរ។

ប្រជាពលរដ្ឋនៅភូមិអ៉ីទូប បានគោរពថ្លែងអំណរគុណលោកអភិបាលខេត្ត  ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាករបស់ពួកគាត់។ ក្រៅពីពិនិត្យផ្លូវហើយ នៅព្រឹកមិញនេះ លោកអភិបាលខេត្ត ថង សាវុន បានបន្តចុះពិនិត្យសមិទ្ធផលមួយចំនួន នៅក្នុងទីអារាមកែវដួងបាង ភូមិអីទូប ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ សមិទ្ធផលក្នុងវត្ត បច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ២០ភាគរយហើយ៕