(ភ្នំពេញ)៖ លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) បានលើកឡើងថា លំហូរកម្លាំងពលកម្មនៅក្នុងអាស៊ាន បានបង្កការប៉ះពាល់ខ្លាំងសម្រាប់ឱកាសការងាររបស់យុវជនកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ លោក ស្តើង សុខុម ជំរុញឲ្យនិស្សិតប្រឹងប្រែងពង្រឹង និងបង្កើនសមត្ថភាពជារៀងរាល់ថ្ងៃ និងឲ្យបានខ្លាំងក្លា។
លោក ស្តើង សុខុម បានថ្លែងដូច្នេះនៅក្នុងសន្និសីទស្តីពី «ឱកាស និងបញ្ហាប្រឈមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន» នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ អ្នកជំនាញ បណ្ឌិត និងសាស្រ្តាចារ្យជាច្រើនរូបត្រូវបានអញ្ជើញទៅធ្វើបទបង្ហានៅក្នុងសន្និសីទនេះ ដើម្បីតម្រង់ទិសដល់និស្សិតកម្ពុជា ពង្រឹងសមត្ថភាពប្រកួតប្រជែងយកការងារជាមួយយុវជនអាស៊ាន។
លោក ស្តើង សុខុម បានលើកឡើងថា ការអភិវឌ្ឍប្រទេសផ្តើមចេញពីកម្លាំងយុវជន ហើយការធ្វើបម្រែបម្រួលនេះ ពិតជាមានការបាកសម្រាប់យុវជនកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និង ជីវភាពប្រជាពលរដ្ឋនៅមានកម្រិត។
លោកសាកលវិទ្យាធិការបន្តថា បម្រែបម្រួលមិនត្រឹមតែអភិវឌ្ឍន៍សមត្ថភាពតែមួយមមុខនោះទេ គឺទាមទាឲ្យអភិវឌ្ឍន៍ព្រមគ្នានៃរាងកាយទាំងមូលដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ សេដ្ឋកិច្ចបណ្តាប្រទេសនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ហើយភាពមោទនភាពតែខ្វះសីលធម៌ ខ្វះការតស៊ូអត់ធ្មត់ ខ្វះការស្មោះត្រង់ ខ្វះកម្លាំងពលកម្មគឺជាការបរាជ័យក្នុងការប្រកួតប្រជែងក្នុងទីផ្សារសេដ្ឋកិច្ច។
បើតាមលោក ស្តើង សុខុម លំហូរកម្លាំងពលកម្មនៅក្នុងអាស៊ាន ក៏បង្កការប៉ះពាល់ខ្លាំងដល់ឱកាសការងាររបស់យុវជនកម្ពុជា។ លោកបញ្ជាក់ដូច្នេះ« សមត្ថភាពរបស់យុវជនកម្ពុជានៅមានកម្រិតគម្លាតឆ្ងាយពីសមត្ថភាពយុវជនបណ្តាប្រទេសទាំងអស់ដោយសារតែអ្វីៗទាំងអស់នៅមានកម្រិតរួមទាំងកម្មវិធីបណ្តុះបណ្តាល ពិសេសទម្លាប់របស់ពលរដ្ឋកម្ពុជា គឺមិនចង់ចាប់យកមុខជំនាញ វិជ្ជាជីវៈទេ ផ្ទុយទៅនិងទីផ្សារកម្លាំងពលកម្ម ក៏ដូចជាឱកាសការងារដែលត្រូវបានបាត់បង់»។
លោក ស្តើង សុខុម បានគូសបញ្ជាក់ថា ដើម្បីរក្សាឱកាសការងារយុវជនកម្ពុជា ត្រូវរៀបចំខ្លួនបណ្តុះនូវសមត្ថភាព ដោយប្រៀធៀបខ្លួនឯងទៅ និងយុវជនអាស៊ាន ដើម្បីរង្វាយតម្លៃខ្លួនឯងហើយរិះរកគំនិត និងព្យាយាមកាត់បន្ថយ បញ្ហាប្រឈមទៅរកការលុបបំបាត់ ជម្ងឺតួឯកស្របតាមពាក្យស្លោកនៅក្នុងសម័យ សេដ្ឋកិច្ចទំនើបកម្មនិយាយថា «ចំណេះដឹងក៏មានដែនកំណត់ ហើយចំណេះដឹងដ៏មាន Expire ដែរ» សមត្ថភាពត្រូវតែធ្វើបច្ចុប្បភាពជាប្រចាំកង្វះបច្ចុប្បភាព គឺជំរុញឲ្យខ្វះកាន់តែឃ្លាតឆ្ងាយពីសង្គម។
លោកសាកលវិទ្យាធិការបានបញ្ជាក់ទៀតថា ការចែករំលែកចំណេះដឹងឲ្យអ្នកដ៏ទៃ គឺជាការទទួលបាននូវចំណេះដឹង ដូច្នេះយុវជនកម្ពុជា ត្រូវតែបើកគំនិតឲ្យទូលាយចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមកដើម្បីទទួលនូវពុទ្ធិថ្មីៗ ដើម្បីអភិវឌ្ឍន៍ ខ្លួនឲ្យស្របទៅតាមការធ្វើ សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន៕