(កំពង់ស្ពឺ)៖ ករណីបុគ្គលិកក្រុមហ៊ុនចំការអំពៅឈ្មោះជឿងនៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺវាយសម្លាប់គោអ្នកស្រុក ព្រោះតែ ខឹងគោចូលស៊ីអំពៅនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយក្រុមហ៊ុនសុខចិត្តចេញលុយសងទៅអោយប្រជាពលរដ្ឋ ជាម្ចាស់គោដើម្បីបញ្ចប់រឿង។

លោកមួង ធី អភិបាលស្រុកឱរ៉ាល់បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ឌនៅវេលាម៉ោង​៤រសៀលថ្ងៃទី​ ៥ ខែ​កុម្ភះ​ ឆ្នាំ​២០១៧នេះអោយដឹងថា ករណីនេះត្រូវបានដោះស្រាយបញ្ចប់ហើយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាម្ចាស់គោ កាលពីម្សិលមិញ(ថ្ងៃទី៤ មករា)បន្ទាប់មានការសម្របសម្រួលពីមន្ត្រីអាជ្ញាធរសមត្ថកិច្ចរបស់លោករួចមក។

លោកអភិបាលបាន អះអាងថាខាងក្រុមហ៊ុនបានសុខចិត្តសងលុយ ទៅអោយម្ចាស់គោទៅតាមតម្លៃ ដែលពួកគាត់ទាមទារសរុប ចំនួន​២៤៥០​ដុល្លារ ​អាមេរិក។ក្នុងនោះ​ម្ចាស់គោឈ្មោះសែម​ ម៊ឺន​ ទទួលបាន​សំណង៤៥០​ដុល្លារ​ ឈ្មោះអូក​ ណាង​ ទទួលបាន សំណង​ ៥០០​ដុល្លារ​ ម្ចាស់ឈ្មោះជា​ សាត​ទទួលបាន​សំណង៥០០​ដុល្លារ​ និង​ឈ្មោះបូ​ រឹម​ ទទួលបាន​សំណង៩៥០​ដុល្លារ​។​ បន្ទាប់​មកខាងក្រុមហ៊ុន ​និង​ប្រជាជន​ម្ចាស់គោ​បានធ្វើកិច្ចសន្យា បញ្ចប់រឿងឈប់ប្ដឹងផ្ដល់គ្នាតទៅ​ទៀត។​

គួរបញ្ជាក់ថា​ គោអ្នកស្រុកចំនួន៥ក្បាល ត្រូវបានបុគ្គលិកក្រុមហ៊ុនចំការអំពៅ នៅស្រុកឱរ៉ាល់វាយបណ្ដាល អោយងាប់៣ក្បាល របួស២ក្បាល ដោយក្រុមហ៊ុនចោទថាគោអ្នកស្រុកខាងលើ ចូលសុីអពៅរបស់ខ្លួន។ ក្រោយកើតករណីបែបនេះ ប្រជាពលរដ្ឋជា ម្ចាស់គោបាននាំគ្នាប្ដឹង ទាមទារសំណង និងបន្ទាប់ពីមានការអន្តរាគមន៏ ពីអភិបាលខេត្តកំពង់ស្ពឺអោយធ្វើការស្រាវជ្រាវ រកមុខអ្នក សំលាប់គោអ្នកស្រុករួចមករួចមក ទើបខាងក្រុមហ៊ុនចេញមុខ មកចរចាដោះស្រាយបញ្ចប់តាមរយៈការសម្របសម្រួល ពីមន្ត្រី អាជ្ញាមានសមត្ថកិច្ច៕