(សៀមរាប)៖ ពិតជាសំណាង១ក្នុង១០០០គ្រោះថ្នាក់! ក្មេងប្រុសម្នាក់ដែលត្រូវ បានគេរាយការណ៍ ថាស្លាប់ជាមួយឪពុក ក្នុងហេតុការណ៍ផ្ទុះមីន ស្ថិតនៅជើងភ្នំដងរែក ជាប់ព្រំដែនថៃ ក្នុងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរស់រាន មានជីវិតឡើងវិញ ដោយវៀរចេញពីលើសពឪពុក ហើយត្រូវបានគេជួយសង្គ្រោះ ដឹកបញ្ជូននៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប សង្គ្រោះឲ្យមានជីវិតឡើងវិញ។
ក្មេងប្រុសខាងលើ បានរងគ្រោះហេតុការណ៍ផ្ទុះមីនដ៏រន្ធត់នេះ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ឆាយ បឿន អាយុ៦៥ឆ្នាំ ត្រូវជាឪពុក និងឈ្មោះ ប៉េង ស៊ីម អាយុ១៣ឆ្នាំ ត្រូវជាកូន ដែលត្រូវគេសន្និដ្ឋានជំហ៊ាន ដំបូងថាស្លាប់, ចំណែកអ្នករងបួសមានឈ្មោះ រស់ ភាន អាយុ៥៥ឆ្នាំ រងរបួសដៃទាំងស្រាល និងឈ្មោះ ឈិន ប៊ុនធឿន រងរបួស ស្រាល រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីទទួលដំណឹង នៃការផ្ទុះមីនស្លាប់ប្រជាពលរដ្ឋ បានចុះទៅពិនិត្យ សាកសួរសុខទុក្ខរបស់អ្នករងគ្រោះផងដែរ។
ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្មេងប្រុសអាយុ១៣ឆ្នាំ ដែលរងគ្រោះដោយផ្ទុះមីន ជាមួយឪពុក ហើយត្រូវបានគេសន្មត់ថាស្លាប់ និងបានលើកសពដាក់លើស ពឪពុកទុកនៅក្នុងព្រៃ ដោយនាំយកតែអ្នករបួស២នាក់ មកភូមិមុននោះ បានរស់ឡើងវិញហើយ ដោយរូបគេបានវៀរចេញពី ខ្មោចឪពុក ហើយត្រូវបានសមត្ថកិច្ចនគរបាលឃើញ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ឯខេត្តសៀមរាប។
លោកថា វាគឺជាសំណាង១ក្នុង១០០០គ្រោះថ្នាក់ ព្រោះគេចាត់ទុកក្មេងប្រុសនោះថា ស្លាប់ទៅហើយ ដោយយកតែអ្នករបួស២នាក់ មកភូមិប៉ុណ្ណោះ, ចម្ងាយពីភូមិទៅកន្លែងផ្ទុះមីននោះ ត្រូវធ្វើដំណើរ១ថ្ងៃ នៅពេលដែលនគរបាល ធ្វើដំណើរទៅកន្លែងផ្ទុះតាមក្រោយ ក៏ឃើញក្មេងនោះនៅមានដង្ហើម និងបាននាំយកមកភូមិ រួមទាំងដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា ខេត្តសៀមរាប ទម្រំដល់ពេលត្រូវចំណាយ អស់ពេល១ថ្ងៃកន្លះ។
លោកទេសរដ្ឋមន្ត្រីបន្តថា របួសរបស់ក្មេងប្រុសនោះធ្ងន់ធ្ងរមែនទែន ដោយអំបែងគ្រាប់មុត ធ្លុះក្បាលពីម្ខាងទៅម្ខាង ហើយមានជាប់ខួរថែមទៀត ប៉ុន្តែមិនស្លាប់ ហើយត្រូវមន្ទីរពេទ្យ គន្ធបុប្ផា ដែលមានលោកវេជ្ជបណ្ឌិត រីចនឺរ ជាប្រធាន វះកាត់ជួយសង្គ្រោះជីវិត បានដោយជោគជ័យ នៅពេលនេះ បានដឹងខ្លួនវិញហើយ។
ជាមួយគ្នានេះ ក្នុងពេលចូលជួបសួរសុខទុក្ខ ជាមួយក្រុមគ្រួសារ និងក្មេងប្រុសរងគ្រោះខាងលើ លោកទេសរដ្ឋមន្ត្រី សេរី កុសល បាននាំយកអំណោយមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្រុមគ្រួសារក្មេងប្រុសរងគ្រោះផងដែរ។
សូមជម្រាបថា សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុផ្ទុះមីននេះ ក្រុមជនរងគ្រោះបាននាំគ្នាចូល ទៅជីកកកាយដីយកគល់ឈើបេង ដោយមិនបានប្រុងប្រយ័ត្ន ក៏ទៅប៉ះគ្រាប់មីនដែលនៅជិតនោះតែម្ដង ទើបបណ្តាលឲ្យផ្ទុះគ្រាប់ស្លាប់ និងរបួសតែម្តង៕