(ភ្នំពេញ)៖ លោក តុង សុប្រាជ្ញ ដែលត្រូវបានគេទទួលស្គាល់ជា អ្នកស្រាវជ្រាវស៊ីជម្រៅទៅលើឥរិយាបទផ្លូវភេទរបស់យុវវ័យ នៅថ្ងៃទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ បានបង្ហើបឲ្យអង្គភាព Fresh News ឲ្យដឹងថា «Valentine's Day ហាក់បីដូចជាជំងឺមួយដែលអាចនឹងផ្ទុះឡើងចម្លងដល់យុវវ័យសារជាថ្មីនៅថ្ងៃ១៤ ខែកុម្ភៈខាងមុខនេះ។ ខ្ញុំថា ជំងឺនេះនឹងផ្ទុះខ្លាំងឡើងវិញឡើងកក្រើកដូចកាលពីឆ្នាំ២០១៦កន្លងទៅនេះ បើតាមការអង្កេត និងស្រាវជ្រាវ របស់ខ្ញុំ»

លោក តុង សុប្រាជ្ញ ដែលត្រូវបានគេរហ័សនាមថាជាថៅកែវ៉ាឡិនថាញ បានថ្លែងថា នៅឆ្នាំ២០១៦ សន្ទុះនៃការចូលរួមរបស់យុវវ័យហាក់ខ្លាំងក្លា ចាប់តាំងពីព្រឹកព្រលឹមចំថ្ងៃទី១៤ ខែកុម្ភៈតែម្តង មានការដាក់លក់ផ្កា និងកាដូថ្លៃៗព្រោងព្រាតនៅតាមដងផ្លូវធំៗនានាក្នុងរាជធានីភ្នំពេញ ជាពិសេសនៅផ្លូវប៉ាស្ទឺរ និងមហាវិថីព្រះស៊ីហនុចាប់ពីមុខវត្តលង្ការ រហូតដល់កោះពេជ្រ។ ការលក់បែបកាន់តែទំនើបៗមានពីយកឡានទំនើបៗឈប់លក់ មានតាំងពីធុងបាស់ចាក់ សម្លេងឮៗ រហូតដល់ម៉ោង១២យប់ហើយមិនទាន់ចប់ទៀត។ ការលក់ និងទិញនេះហាក់ដូចជា គ្មានការចូលរួមអន្តរាគមន៍ និងទប់ស្កាត់ពី អាជ្ញាធរដែនដីនៅទីនោះឡើយ។

អ្នកស្រាវជ្រាវអំពីទិវានៃក្តីស្រឡាញ់ដ៏ល្បីឈ្មោះរូបនោះបានបញ្ជាក់ឲ្យដឹងថា ទោះបីជានិន្នាការនៃការអបអរមានការធ្លាក់ចុះខ្លះ បន្ទាប់ពីមានអន្តរគមន៍ ចាប់តាំងពីឆ្នំាំ២០១០ ដែលយុវវ័យភាគច្រើនយល់ឃើញថា ពេលពួកគេកាន់ ឬទិញផ្កាហាក់ដូចជា មានអារម្មណ៍ខ្មាសអៀនគេទៅវិញ តែបែរជាមាន មនុស្សវ័យចាស់ៗ មានកូន មានប្រពន្ធ ជាអ្នកចូលទិញផ្កាទៅវិញទេ។ ប៉ុន្តែរូបភាពបែបនេះបានបញ្ជាក់ថា ថ្ងៃហ្នឹងគឺមានទំនាក់ទំនងផ្លូវភេទ របស់យុវវ័យហាក់ដូចមានការធ្លាក់ចុះផងដែរ ពី១២ភាគរយនៅឆ្នាំ២០០៩ មកត្រឹម១១ភាគរយនៅឆ្នាំ២០១៤។ តែអ្វីដែលចម្លែកនោះគឺនៅទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈកាលពីឆ្នាំទៅមើលទៅឃើញខុសប្លែកពីរាល់ឆ្នាំ ដែលហាក់បីជាជំងឺមានការថយចុះជិតជាទៅហើយ បែរជាងើបឡើងទៅវិញ គួរឲ្យព្រួយបារម្ភជាខ្លាំង ជាពិសេសគឺបញ្ហាទំនាក់ទំនងផ្លូវភេទយុវវ័យ ដែលមានការបង្ខំពីដៃគូរសង្សានឹងគ្នានោះដោយមិនមានការយល់ព្រម។

កន្លងមកក្រសួងមួយចំនួនបានចូលរួមអន្តរាគមន៍ចំពោះបញ្ហានេះដែរ ក្នុងនោះរួមមាន ក្រសួងវប្បធម៌ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរអេដស៍។ តែចម្លែកណាស់ឆ្នាំទៅនេះ ក្រសួងកិច្ចការនារីដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ហាក់ដូចជាព្រងើយកន្តើយទៅវិញ។  រីឯអាជ្ញាធរនៅតាមខណ្ឌនីមួយៗ នៅរាជធានីភ្នំពេញហាក់មិនបានខ្វល់ខ្វាយប្រៀបធៀបដូចជិះសេះលែងដៃអីចឹង  និយាយឲ្យចំគឺគ្មានចំណាត់ការតែម្តង  នេះបើតាមសម្តីរបស់លោក តុង សុប្រាជ្ញ បន្ថែមឲ្យដឹងយ៉ាងដូច្នេះ។

ដោយសារតែកិច្ចខិតខំស្រាវជ្រាវលើបញ្ហានេះ លោក សុប្រាជ្ញ ត្រូវបានអង្គការសហប្រជាជាតិ (UNFPA) បានផ្តល់ពានរង្វាន់ប្រចាំខែកុម្ភៈ (Youth Champion Award)។ លោកខិតខំធ្វើកិច្ចការពាក់ព័ន្ធលើការអប់រំយុវវ័យបានលើកឡើងដោយមិនញញើតមាត់ថា លោកមានការព្រួយបារម្ភថា៖ «ទិវានៃក្តីស្រឡាញ់នៅស្រុកខ្មែរ មើលទៅដូចមេរោគដែលសម្ងំរួចហើយផ្ទុះឡើងវិញអីចឹង ខណៈដែល ប៉ុន្មានឆ្នាំយើងធ្វើការគ្រប់គ្រង ស្ថានការបានល្អច្រើនហើយ បែរជាអាជ្ញាធរ និងក្រសួងកិច្ចការនារីលែងរវីរវុលទៅវិញ។ នៅពេលដែលរដ្ឋាភិបាល មិនអាចគ្រប់គ្រងស្ថានការបានដូចនេះ ខ្ញុំអាចធ្វើការ ប្រៀបធៀបថ្ងៃ១៤កុម្ភៈ ទៅនឹងការផ្ទុះមេរោគអេដស៍នៅឃុំរការ ខេត្តបាត់ដំបង និងភូមិពាមខេត្តកណ្តាលនេះអីចឹង នៅពេលដែល ពិភពលោកទទួលស្គាល់ថា កម្ពុជាទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ការ រីករាលដាលជំងឺអេដស៍នោះ»

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ លោក សុប្រាជ្ញ ដែលអ្នកលេងហ្វេសប៊ុកឲ្យងារថា ថៅកែវ៉ាឡិនថាញ បានចូលអង្កេតផ្ទាល់នៅក្នុងផ្ទះសំណាក់ ពេលនោះលោក បានបញ្ជាក់ឲ្យដឹងថា៖ «នៅពេលចូលស្នាក់នៅផ្ទះសំណាក់ ខ្ញុំបានធ្វើការសាកសួរម្ចាស់ផ្ទះសំណាក់ និងឃើញផ្ទាល់ករណីមួយគូរគឺដូចគ្នា ទៅនឹងការសិក្សា ស្រាវជ្រាវពិតមែន។ យុវវ័យប្រុស បានបង្ខំមិត្តស្រីរបស់ខ្លួនដើម្បីរួមភេទមែន តែមិត្តស្រីនោះមិនព្រមហើយបើកទ្វារចេញមកក្រៅ។ ហើយម្ចាស់ផ្ទះសំណាក់ បានសួរទៅយុវតីអាយុប្រហែលជា១៨ឆ្នំានោះថា ក្រែងជិះម៉ូតូមកជាមួយដេកជាមួយគ្នា ហេតុក៏មិនព្រមដេកជាមួយគ្នា។ នាងនោះឆ្លើយ ទៅម្ចាស់ផ្ទះថា អត់ហ៊ានដេកទេ ព្រោះកាលពីដើរលេងថា ឌុបមកផ្ទះវិញហើយ បែរជាអូសក្រឡានៅយប់ជ្រៅ អត់ហ៊ានចូលផ្ទះវិញ។ នរណាហ៊ានដេក ជាមួយគាត់ បើដេកៗដាស់ខ្ញុំអីចឹង។ យុវវ័យប្រុសនៅតែអង្វេរទៅដេកក្នុងបន្ទប់វិញ តែនាងហ៊ានចូលដេកវិញទេ»

ដូចនេះគឺថ្ងៃ១៤ កុម្ភៈ នៅតែជាបញ្ហាប្រឈម ឥរិយាបទរបស់យុវវ័យនៅឡើយទេ។ ទាក់ទងនេងទិវានៃក្តីស្រឡាញ់នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងពីទិវានៃក្តីស្រឡាញ់ ហើយបានផ្តាំផ្ញើឲ្យស្រ្តីខ្មែរយល់ពីអត្ថន័យនៃទិវាឲ្យបានច្បាស់ កុំឲ្យគិតខុស និងយល់ច្រឡំលើថ្ងៃនេះ។

សម្តេចតេជោ មានប្រសាសន៍ថា «មានការសិក្សា ស្រាវជ្រាវស្តីពីបុណ្យសង្សារឆ្នាំ២០០៨ ពីអនុបណ្ឌិតម្នាក់ ភរិយាខ្ញុំបានទទួលហើយយកមកឲ្យខ្ញុំមើល ខ្ញុំបើកមើលតិច គាត់បានដើរសម្ភាសន៍ យុវជននេះ យុវជននោះ ថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០០៨ ក្រោយមកវាយ៉ាងម៉េច បុណ្យនៃក្តីស្រឡាញ់យើងបែរជានាំគ្នា ទៅជាថ្ងៃបុណ្យសង្សារដឹកដៃគ្នា ទៅឡើងឋានសួគ៌ នេះជារឿងមិនគប្បីទាល់តែសោះ នៅក្នុងសង្គមរបស់យើង សេចក្តីស្រឡាញ់យើងធ្វើគ្រប់ពេលវេលាទាំងអស់ មិនមែន១ថ្ងៃទេ មិនមែន១៤កុម្ភៈទេ សេចក្តីស្រឡាញ់ត្រូវធ្វើគ្រប់ពេល នេះជាពិធីរបស់អ៉ឺរ៉ុប និងប្រទេសដទៃ ប៉ុន្តែនេះសម្រាប់កម្ពុជាសេចក្តីស្រឡាញ់មានគ្រប់ពេល ស្រឡាញ់ឪពុក ម្តាយ ជីដូន ជីតា ប្រពន្ធ កូន ចៅ សុទ្ធតែស្រឡាញ់ទាំងអស់ មិនហាមឃាត់ទេ តែកុំប្រក្លាយទិវានៃក្តីស្រឡាញ់ទៅជាទិវានៃការបំផ្លាញអនាគត ជាពិសេសស្រ្តីខ្លួនឯងតែម្តង»

សម្តេចតេជោ មានប្រសាសន៍កាលពីឆ្នាំ២០១០ នៅក្នុងពិធីអបអរសាទរខួបលើកទី៩៩ ទិវាអន្តរជាតិនារី៨មីនា។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវវ័យទូទាំងប្រទេសបង្វែទិវានៃ ក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ទៅជាការផ្តល់ក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នា ដូចជា ជនចាស់ជរា ក្មេងកំព្រា ជនពិការវិញ ទើបជាការល្អប្រសើរ៕