(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយថា អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែបន្តរិះគន់ភាពយឺតយ៉ាវ កន្លែង X-Ray (ត្រួតពិនិត្យឥវ៉ាន់យួរដៃ) នាំឲ្យកកស្ទះរាល់ថ្ងៃមុនឡើងយន្តហោះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧មានមន្ដ្រីថ្នាក់លើ បានចុះទៅពិនិត្យជាក់ស្ដែង ប៉ុន្ដែមិនមានចំណាត់ការអ្វីទាំងអស់។
នេះបើតាមមន្ដ្រីបម្រើការនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្រុមភ្ញៀវជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធនៅទីនោះ បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ក៏ដូចជានាយកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មេត្តាជួយមានចំណាត់ចំពោះករណីនេះផង ដើម្បីកុំឲ្យបន្ដមានការថ្នាំថ្នាក់ ជាមួយភ្ញៀវបែបនេះបន្ដទៀត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកដំណើរក៏បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយពីភាពយឺតយ៉ាវទាំងនេះ ប៉ុន្តែរហូតមកដល់់ពេលនេះ ថ្នាក់ដឹកនាំព្រលានយន្តហោះ និងមន្រ្តីពាក់ព័ន្ធមិនទាន់មានដំណោះស្រាយនោះទេ ពោលនៅតែទុកបណ្តែតបណ្តោយ ឲ្យមានបញ្ហានេះកើតឡើងដដែល។
ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមភ្ញៀវដែលត្រូវធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែមានសភាពយ៉ាងណែនណាប់ បានឈរតម្រង់ជួរគ្នា ដើម្បីឆ្លងកាត់ កន្លែង X-Ray ដោយសារតែបុគ្គលិកធ្វើការនៅទីនោះតិចពេក ហើយធ្វើឲ្យភ្ញៀវម្នាក់ៗ ក្រវីក្បាលគ្រប់ៗគ្នា ចំពោះការរង់ចាំ និងការធ្វើការមួយៗរបស់បុគ្គលិក។
ភ្ញៀវជនជាតិខ្មែរដែលត្រូវធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះ បាននិយាយថា មានភ្ញៀវជាច្រើននាក់ជាពិសេសបរទេសតែម្តង បានមករង់ចាំនៅកន្លែង X-Ray ក្រោយ Check-in រួច គឺយឺតយ៉ាវណាស់ ហើយបុគ្គលិក ក៏តិចទៀត Check ម្តងមួយៗ មិនដឹងពេលណាចប់ទេ ចឹងសូមឲ្យថ្នាក់ដឹកនាំ ដែលគ្រប់គ្រងនៅព្រលានយន្តហោះហ្នឹងជួយរកដំណោះស្រាយផង។
បើតាមអ្នកដំណើររូបនេះ បានបញ្ជាក់ថា បាតុភាពបែបនេះ បានកើតឡើងយូរថ្ងៃមកហើយ តែមិនទាន់ឃើញមានការដោះស្រាយទេ ដែលនាំឲ្យមានការរិះគន់ពីក្រុមភ្ញៀវយ៉ាងខ្លាំង ជាពិសេសនោះគឺប៉ះអារម្មណ៍ភ្ញៀវអន្តរជាតិតែម្តង៕