(កណ្ដាល)៖ នៅក្នុងថ្ងៃតែមួយ ខណៈទីស្ដីការគណៈរដ្ឋមន្ត្រីចេញ ស.ជ.ណ. ថ្មីមួយទៀតយោងទៅតាមចំណារ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយនៅក្នុងស.ជ.ណ ថ្មីនេះ រាជរដ្ឋាភិបាលបានសំរេចអនុញ្ញាតអោយ ក្រុមហ៊ុន អេង ឌីប៉ូ បន្តសកម្មភាព អភិវឌ្ឍន៏លើផ្ទៃដី ៩៨០ហិកតាវិញ ស្រាប់តែលោក តុង សុីវមី អភិបាលស្រុកពញាឮបានចេញសេចក្ដីជូនដំណឹងដែរ ដោយយោងទៅលើ ស.ជ.ណ ចាស់ដែលហាមឃាត់មិនអោយក្រុមហ៊ុន ធ្វើការអភិវឌ្ឍរួចហើយយកទៅបិទ ពេញភូមិដោយអំពាវនាវ សូមអោយសាធារណជនទៅផ្ទៀងផ្ទាត់ និងវាស់វែងដីនៅលើអតីតដីអភិវឌ្ឍន៏ របស់ក្រុមហ៊ុន អេង ឌីប៉ូ ទៅវិញ ហាក់ដូចជាគាប់ជួនគ្នាពេក ហើយគេក៏មិនដឹងថា ជាការគាប់ជួនដោយចៃដន្យឬក៏ជាចេតនានៅពេលដែលគេដឹងថានឹងមានស.ជ.ណ ថ្មីចេញដែលមាន ខ្លឹមសារផ្ទុយពី ស.ជ.ណ ចាស់ឬយ៉ាងណានោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញស.ជ.ណ លេខ៨៩ ជំរាបទៅរដ្ឋមន្ត្រីក្រសួងកសិកម្មស្ដីពី ករណីរបាយការណ៏កិច្ចដំណើរការ និងអភិវឌ្ឍន៏លើការអនុវត្តគម្រោងវិនិយោគ និងដោះស្រាយទំនាស់ របស់ក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៏ដែលមានទីតាំង ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល គឺចំណុចទី១ រាជរដ្ឋាភិបាលបានសំរេចប្រគល់ជូន ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏បន្តសកម្មភាព ធ្វើការដាំដុះ ស្រូវប្រដេញទឹកនៅលើផ្ទៃដី ៩៨០ហិកតា បន្តទៀត។
ប៉ុន្តែនៅថ្ងៃដដែល លោក តុង សុីវមី អភិបាលស្រុកពញាឮ បានចេញសេចក្ដីជូនដំណឹង លេខ០២១\ ១៧ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ដោយយោងទៅលើសជណចាស់ លេខ២៣ សជណ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បានប្រកាសជូនដំណឹង ដល់សាធារណជន តំណាងក្រសួងស្ថាប័ន មន្ទីរអង្គភាព ក្រុមហ៊ុនស្ដីពីពាក្យស្នើសុំចុះបញ្ជី ដូចមានឈ្មោះក្នុងតារាង ជូនភ្ជាប់មកជាមួយ បានស្នើសុំចុះបញ្ជីដីស្ថិតនៅក្នុងអតីត គម្រោងអភិវឌ្ឍន៏ ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអេងឌីប៉ូ សុខសែនជ័យ ដែលមានទីតាំងនៅឃុំកំពង់អុស សូមអោយទៅបង្ហាញខ្លួន ដើម្បីបំពេញបែបបទ ឬជំទាស់តវ៉ាតាមគោលការណ៏ និងនីតិវិធីនៃការចុះបញ្ជីដីធ្លីជាធរមានទៅវិញ។
គេមិនដឹងថាករណីនេះ ផ្ដើមចេញពីរឿងចេតនាឬអចេតនានោះទេ ខណៈ ស.ជ.ណ លេខ២៣ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ដែលជាស.ជ.ណ ចាស់នោះ រាជរដ្ឋាភិបាលបានសំរេចផ្អាកគម្រោងអភិវឌ្ឍន៏ របស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏នៅឃុំកំពង់អុស រួចហើយប្រគល់សិទ្ធិអោយ អាជ្ញាធរបែងចែកដីជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីវិញ។ ប៉ុន្តែពាក់ព័ន្ធការចេញលិខិតនេះ នៅរសៀលថ្ងៃអាទិត្យទី ៥ ខែមករា ឆ្នាំ២០១៧នេះ Fresh News មិនអាចធ្វើការទាក់ទងទៅ លោក តុង សុីវមី ដើម្បីសុំការបំភ្លឺ បានឡើយ ខណៈទូរស័ព្ឌពីរដង តែមិនចូល។
សូមបញ្ជាក់ថាក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៏ដំណាំស្រូវនៅលើផ្ទៃដី ១,៦៩០ហិកតា ពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០០៦មក ម្ល៉េះ ដោយដីទាំងអស់នោះ ក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋ ហើយក្រុមហ៊ុន ធ្វើការអភិវឌ្ឍន៏ ដាំស្រូវជាបណ្ដើៗរហូតមក តែដោយសារមានឈ្មួញ ខិលខូច និងមន្ត្រីមានអំណាចមួយចំនួន បានចុះទៅប្រមូលទិញដី តាមរបៀបក្លែងបន្លំជាន់លើដីក្រុមហ៊ុន ក៏បង្កើតទៅជារឿងចោទក្រុមហ៊ុនថារំលោភយកដី ប្រជាពលរដ្ឋហើយចេះតែមានការប្ដឹងផ្ដល់រហូតមក រហូតដល់ចុងក្រោយគេនាំគ្នាឃុបឃិត ធ្វើរបាយការណ៏ភូតទៅប្រមុខរាជរដ្ឋាភិបាល ដែលនាំអោយ រាជរដ្ឋាភិបាលសំរេចខុសដោយសំរេចផ្អាកគម្រោងអភិវឌ្ឍន៏ របស់ក្រុមហ៊ុន និងបង្គាប់អោយប្រគល់ដី របស់ក្រុមហ៊ុនទៅប្រជាពលរដ្ឋវិញ តែតាមពិតភាគ ច្រើនមិនមានប្រជាពលរដ្ឋនោះឡើយ គឺសុទ្ធតែជាឈ្មួញ មន្ត្រីធំៗមួយចំនួនទៅពីភ្នំពេញនិងពីខេត្តកណ្ដាលនៅពីក្រោយខ្នងស្ទើទាំងអស់ សូម្បីតែសាច់ញាតិថ្នាក់ដឹកនាំខេត្ត បងប្អូនអ្នកតំណាងរាស្ត្រ បងប្អូនរដ្ឋមន្ត្រីខ្លះ ដែលជាអ្នកមានស្រុកកំណើតនៅខេត្តនិងតំបន់ផ្សេងៗសោះ ក៏បញ្ចូលឈ្មោះថាជាម្ចាស់ ដីនៅឃុំកំពង់អុសនេះដែរ។
ខាងក្រោមនេះជា សជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងសជណរបស់អភិបាលស្រុកពញាឮ ខេត្តកណ្ដាលចេញក្នុងថ្ងៃតែមួយ ពាក់ព័ន្ធដីអភិវឌ្ឍន៏របស់ ក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៏នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា៖