(កំពង់ធំ)៖ ក្នុងការលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង និងការថែរក្សាសម្បត្តិធនធានធម្មជាតិឲ្យបានយូរអង្វែង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ចូលរួមវេទិកាសាធារណៈស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដល់ប្រជាពលរដ្ឋ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណ៤៥០នាក់។
ក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលធ្វើឲ្យបាត់បង់នូវជីវចម្រុះ ដូចជាការប្រើប្រាស់ឧបករឆក់ត្រជាក់ ឆ្នុក យាំងកាវ រុញស៊ីប អួនអូសគូដែលជាការប្រព្រឹត្តរបស់បងប្អូនមកពីខាងក្រៅ។
វេទិកាបានសម្រចឲ្យបានជាពលរដ្ឋដាក់លបឡុក និងលបណរ៉ាវ ប្រវែងក្រោម២០០ម៉ែត្រ និងក្រឡាបីហ៊ុន ឡើងជាបណ្តោះអាសន្នរងចាំការសម្រេចសិន និងយកទៅដាក់នៅកន្លែងដែលធ្លាប់ដាក់ ដោយមិនឲ្យកាប់ព្រៃលេចទឹកធ្វើគន្លងថ្មីទេ ដោយអអនុវត្តប្រកាសចាស់ គឺឆ្ងាយពីច្រាំង៤គីឡូម៉េត្រ ឆ្ងាយពីតំបន់អភិរក្ស១គីឡូម៉ែត្រ ចាប់ពីចំណុចព្រែកតាដោកទៅព្រែកទ្វារតឹង ចុងអូរគន្លងលប ជ្រោយកោះតាម៉ ដោយប្រកបមុខរបរចាប់ពីខែវិច្ឆិកា ដល់ខែឧសភា។
លោក សុខ លូ បានលើកឡើង សូមឲ្យប្រជាពលរដ្ឋទាំងអស់ ចេះស្រឡាញ់ភោគផលធម្មជាតិ រួមគ្នាគោរពច្បាប់លុបបំបាត់ បទល្មើសនេសាទ និងជួយផ្តល់ព័ត៌មានការពិត ដល់អាជ្ញាធរ ដើម្បីរកមុខអ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវមានស្មារតីនឹងនរ កុំឲ្យជឿពាក្យញុះញ៉ង់របស់ជនអគតិមួយចំនួន នាំឲ្យជួបនូវការវិនាស ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធ នឹងបទល្មើសសូមដកខ្លួនចេញ។
ចុងក្រោយ ប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង ហើយពួកគាត់នឹងជួយទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ កុំឲ្យកើតឡើង ប្រជាពលរដ្ឋគាំទ្រការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលតទៅទៀត៕