(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៧នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងាឆ្នាំ២០១៦ និងទិសដៅ ការងារឆ្នាំ២០១៧ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន និងប្រគល់រថយន្តដឹក ៧គ្រឿង។ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍​បណ្ឌិត​ ប៉ុល​ សារឿន​ អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​។​

ក្រោយពីបានស្តាប់សន្ទរកថាស្វាគមន៍របស់ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យបណ្ឌិត  ណុប រតនា នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ រួចមក។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរដល់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលបាន យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំកសាងនិងអភិវឌ្ឃអង្គភាព ឱ្យបានរៀបរយនិងរីកចម្រើន ព្រមទាំងបានបំពេញ ភារកិច្ចជាច្រើនទៀត ជាពិសេសបានធ្វើពលីកម្មប្រកបដោយវីរៈភាព អង់អាចក្លាហាន ហានបូជាជីវិតក្នុង បុព្វហេតុនៃ កិច្ចកាពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដី នៃមាតុភូមិយើងឲ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានគោលមាគ៌ានយោបាយត្រឹមត្រូវ ទាំងនយោបាយក្នុងប្រទេសនិង នយោបាយក្រៅប្រទេស ដោយដើរទន្ទឹមនឹងការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះវិស័យការពារជាតិ។ លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនុកបម្រុង គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ដែលជាកត្តាចលករផ្តល់នូវកម្លាំងចិត្តយ៉ាងមុតស្រួចដល់កងទ័ព ក្នុងការបំពេញតួនាទីភារកិច្ចការពារ បូរណភាពទឹកដី ការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ ថែរក្សាសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ជូនសង្គមជាតិ។

នាយឧត្តមសេនីយ៍បានជំរុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ត្រូវយកចិត្តទុកដាក់បង្កើនវិធានការគ្រប់គ្រង ថែរក្សាសម្ភារៈបរិក្ខារ សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ។នាយឧត្តមសេនីយ៍បានបន្ថែមថា ទាហាន​ គឺជាខ្ញុំបំរើរបស់ប្រជាជន​ រស់នៅកន្លែងណាត្រូវ​ធ្វើតែទង្វើល្អ​ជួយ ប្រជាជន​ ទើបមានការអាណិតស្រឡាញ់ពីប្រជាជននៅជុំវិញកន្លែងឈរជើងរបស់ខ្លួន។ ក្រៅពីការហ្វឹកហ្វឺន និងថែរក្សាសម្ភារៈបច្ចេកទេស ត្រូវយកចិត្ត ទុកដាក់ក្នុងការបង្កបង្កើនផល ខិតខំថែទាំសុខភាពកងទ័ព ត្រូវបន្តកសាង និងពង្រឹងប្រព័ន្ធការពារជាតិឱ្យបានរឹងមាំ រៀបចំផែនការយុទ្ធសាស្ត្រ ការពារជាតិយូរអង្វែង ថែទាំប្រព័ន្ធការពារជាតិនិង ខិតខំបណ្តុះបណ្តាល កសាងកម្លាំង និងពង្រឹងគុណភាពកងទ័ព ដើម្បីធានារ៉ាប់រងភារកិច្ចដ៏ធំធេង នៃកិច្ចការពារជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ត្រូវរៀបចំនាយទាហានវ័យក្មេង ឱ្យបានត្រឹមត្រូវតាមជំនាញ ដើម្បីទទួលបាននូវបទពិសោធន៍ និងត្រៀមខ្លួនជាបណ្តើរៗសម្រាប់បន្តវេនពីរៀមច្បង។ យកចិត្តទុកដាក់សហការល្អ ជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេង ៗ ដោយសន្តិវិធី សំដៅកសាងតំបន់ព្រំដែនមួយឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

សហការជាមួយអាជ្ញាធរដែនដី និងបណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់បទល្មើសនានា ជាពិសេសទប់ស្កាត់ឱ្យបានយ៉ាងដាច់ខាតនូវនិន្នាការបង្កអស្ថិរភាពដល់សង្គមជាតិ បង្កចលាចល ឬបដិវត្តន៍ពណ៌ ព្រមទាំងសកម្មភាពណាមួយដែលមានចរិកចង់បំផ្លិចបំផ្លាញសន្តិភាព យើងត្រូវតំចាត់ចោលភ្លាម ពីព្រោះថា សន្តិភាព គឺជាកត្តាចម្បងបំផុត ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។​

នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង ក៏បាននាំយកអំណោយ​សម្តេច​តេជោ​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ និងអគ្គមេបញ្ជាការ​ឧបត្ថម្ភ​ ដល់​បញ្ជាការដ្ឋាន​កាំភ្លើងធំ​អគ្គបញ្ជាការ មាន៖ អង្ករ៥តោន, មី១០០កេស, ទឹក​សុទ្ធ​១០០កេស, ស្រាបៀរ​៥០កេស, ត្រីខចំនួន១០កេស និងថវិកា​ ២០លានរៀល៕