(ភ្នំពេញ)៖ នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញត្រឡប់ទៅកាន់សណ្ឋាគារសុខា វិញ បន្ទាប់ពីទស្សនាប្រាសាទបាយ័ន និងប្រាសាទនានា នៅតំបន់អង្គរ ក្នុងខេត្តសៀមរាបរួចហើយ។
សូមជំរាបថា លោក ធិន ច បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទស្សកិច្ចនៅខេត្តសៀមរាប-អង្គរ នៅម៉ោង៣៖៥០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។ ស្វាគមន៍ទទួលដំណើរប្រធានាធិបតីមីយ៉ាន់ម៉ា នៅឯព្រលានយន្តហោះដោយអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅសាលាខេត្តសៀមរាប។
បន្ទាប់ពីចំណាយពេលកន្លះថ្ងៃ នៅក្នុងទឹកដីខេត្តសៀមរាប ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានចូលទទួលទាន អាហារពេលរាត្រី នៅក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ពិធីនេះក៏មានការចូលរួមដោយ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕