(ភ្នំពេញ)៖ ទីបំផុតរថយន្តដឹកទំនិញ តទ្រុងខុសលក្ខណៈបច្ចេកទេស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-3-0108 ដែលក្បាលពណ៌លឿង និងមានស្លាកអក្សរ «M» នៅពីមុខរថយន្ត និងលើទ្វារចំហៀង ដែលត្រូវសមត្ថកិច្ចឃាត់ ហើយមានមន្ត្រីយោធាជើងខ្លាំង ធ្វើការអន្តរគមន៍ឲ្យដោះលែងនោះ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ បានចុះទៅកាត់ទ្រុង ដល់ទីតាំងក្រុមហ៊ុនតែម្តង ស្ថិតនៅម្តុំអូរបែកក្អម។
ក្រុមហ៊ុនដែលត្រូវបាន សមត្ថកិច្ចកាត់ទ្រុងដល់ទីតាំងក្រុមហ៊ុននេះ ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដឹកជញ្ជូន របស់ឧត្តមសេនីយ៍ ហាក់ ម៉ៅ ។
ក្រៅតែពីកាត់ទ្រុងរថយន្តខាងលើ សមត្ថកិច្ចចម្រុះក៏បានត្រួត ពិនិត្យរថយន្តផ្សេងទៀតផងដែរ។
ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស បានអះអាងថា សមត្ថកិច្ចនឹងបន្តរឹតបន្តឹងកាត់ទ្រុងយានយន្ត កែច្នៃខុសបច្ចេកទេស យ៉ាងសកម្មនៅទូទាំងប្រទេស និង សូមអំពាវនាវដល់ម្ចាស់យានយន្ត កែច្នៃសូមមេត្តាភ្ញាក់រលឹកកាត់ទ្រុង យានយន្តដែលខុសលក្ខណៈបច្ចេកទេស និងកុំបន្តកែច្នៃខុសលក្ខណៈ បច្ចេកទេសដែលច្បាប់កំណត់។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួតពិនិត្យរថយន្ត តទ្រុងខុសបច្ចេកទេស នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក៏បានឃាត់ទុករថយន្ត ល្មើស ខាងលើ បានត្រឹមមួរយៈពេលខ្លីប៉ុណ្ណោះ ក៏មានការអន្តរាគមន៍ពីថ្នាក់លើ ទើបសមត្ថកិច្ចដែលនៅប្រចាំការគោលដៅនោះខ្លាច សុខចិត្ដដោះលែងឲ្យបន្តដំណើរទៅមុខ មិនបានកាត់ទ្រុងនៅនឹងកន្លែងទៅតាមមន្រ្តីបានគូសសញ្ញារួចហើយនោះទេ។
មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ខ្លាចរងនូវការស្ដីបន្ទោសពីថ្នាក់លើ បានលួចប្រាប់អង្គភាព Fresh News ឲ្យជួយចុះផ្សាយ យ៉ាងដូច្នេះថា រថយន្តដែលតទ្រុងខុសបច្ចេកទេសមួយគ្រឿងនេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ02-3-0108 ប៉ុន្តែពេលឃាត់ភ្លាម អ្នកបើករថយន្តបានចុចទូរស័ព្ទខ្វាត់ខ្វែង សុំអន្តរាគមន៍ពីមេកើយរបស់ខ្លួន ទើបមួយសន្ទុះក្រោយមក ក្រុមមន្រ្តីក៏បានអនុញ្ញាតឲ្យបន្តដំណើរ ដោយគ្មានវិធានការនោះទេ។
មន្រ្តីរូបនេះក៏មិនបានដឹងថា ថ្នាក់លើកំពូលណាម្នាក់ ដែលអន្តរាគមន៍ឲ្យដោះលែងរថយន្តនេះដែរ គ្រាន់តែដឹងថាជាមន្រ្តី យោធាជាន់ខ្ពស់មួយរូប ដែលរកស៊ីខាងដឹកជញ្ជូនទំនិញនៅក្នុងប្រទេស។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាថ្មី ឲ្យមន្រ្តី ដែលចុះបង្រ្កាបរថយន្តតទ្រុងខុសបច្ចេកទេស ត្រូវកាត់ទ្រុងរថយន្តតខុសលក្ខណៈបច្ចេកទេសនៅនឹងកន្លែង ដោយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តយកទៅកាត់ខ្លួនឯងនោះឡើយ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វិធានការថ្មីនេះ ដើម្បីបញ្ចៀសការរិះគន់របស់ប្រជាពលរដ្ឋថា ការអនុវត្តន៍ចំណាត់ការកាត់ទ្រុងរថយន្តធ្វើមិនស្មើភាព មានភាពលំអៀងរវាងអ្នកមាន និងអ្នកក្រ។
ក្រៅពីការដាក់បទបញ្ជាឲ្យកាត់ទ្រុងរថយន្តតខុសបច្ចេកទេសនៅនឹងកន្លែងហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាឲ្យ ចុះបិទយានដ្ឋានទាំងឡាយណា ដែលមិនព្រមទៅសុំច្បាប់ពីក្រសួងផងដែរ ព្រោះពេលវេលាទុកឲ្យម្ចាស់យានដ្ឋានខុសច្បាប់ទៅសុំច្បាប់ ពីក្រសួងនោះបានផុតតាំងពីខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ៕