(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពីធីក្រុងពាលីតាមបែបសាសនា សាងសង់អគារមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័ សិទ្ធិទាំងឡាយសុំឲ្យជួយបីបាច់ថែរក្សាមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញ សូមឲ្យជួបតែសេចក្តីសុខ និងមានជោគជ័យក្នុងភារ កិច្ចក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មណ្ឌលសុខភាពចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កំពស់៥ជាន់ ទទឹង១២ម៉ែត្រ បណ្ដោយ៣២ម៉ែត្រ បានបំពាក់សម្ភារៈ បរិក្ខារពេទ្យ គ្រប់ជាន់នីមួយៗ ដោយចំណាយថវិកាអស់ ជិត២លានដុល្លារ ជាថវិការបស់សប្បុរសជន និងរដ្ឋបាលរាជធានី។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រោយបញ្ចប់ពិធីក្រុងពាលី លោក ប៉ា សុជាតិវង្ស បានបន្ដដំណើរទៅពិនិត្យវត្តព្រែកប្រា ដើម្បីរៀបចំការពារសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចនឹងអញ្ជើញទៅបញ្ចុះបឋមសិលា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ស្អែកនេះ៕