(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាក្រុមប្រឹក្សាស្រុក ឃុំ នៅទូទាំងស្រុកកោះធំថា ត្រូវតែធ្វើជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជាទេសរដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ ក្នុងពេលរូបលោកអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៧ម្សិលមិញនេះ។
នៅចំពោះមុខមន្រ្តីគណៈពង្រឹងមូលដ្ឋានជាច្រើនរយនាក់ លោក ស៊ុន ចាន់ថុល បានរំលឹកពួកគេថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំប្រឹងប្រែងខ្លាំងក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវ ភាពរបស់ប្រជាពលរដ្ឋ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រព ប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ និងស្ពានជាដើម។ លើសពីនោះ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ក៏បានខិតខំស្វែងរកការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ និង ប្រឹងប្រែងស្វែងរកទីផ្សារក្រៅប្រទេសសម្រាប់ផលិតផលពលរដ្ឋខ្មែរផងដែរ។
លោក ស៊ុន ចាន់ថុល បានផ្តាំទៅគណៈពង្រឹងការងារក្នុងស្រុកកោះធំថា ក្នុងនាមជាភ្នែកច្រមុះ និង ជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានមិនត្រូវបំផ្លាញអ្វីដែលសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើដើម្បីប្រជាពលរដ្ឋ ព្រោះតែភាពអសកម្មក្នុងការបម្រើប្រជាពល រដ្ឋនោះឡើយ។
ក្នុងន័យនេះលោក ស៊ុន ចាន់ថុល ជំរុញឲ្យអាជ្ញាធរទូទាំងស្រុកកោះធំ ត្រូវតែធ្វើជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយរាល់បញ្ហា ដែលពួកគាត់ជួបប្រទះ ឬកំពុងប្រឈម។ បន្ថែមពីនោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវានានា ជូនប្រជាពលរដ្ឋឲ្យបាន ឆាប់រហ័ស និងមានតម្លាភាព មិនត្រូវធ្វើឲ្យប្រជាពលរដ្ឋខូចចិត្ត និងអស់សង្ឃឹមនោះឡើយ។
លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យអាជ្ញាធរ និងក្រុមការងារត្រូវចុះជាប់ជាប្រចាំតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបានជ្រាបច្បាស់ពីបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «ភាពខ្ជិលច្រអូស អសកម្មរបស់មន្រ្តី ឬ អាជ្ញាធរមានសមត្ថកិច្ច គឺជាសត្រូវដ៏ធំរបស់ប្រជាពលរដ្ឋ ហើយក៏ជាមូលហេតុដ៏ចម្បង ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត»។
នៅថ្ងៃម្សិលមិញនេះ ក្រោយជួបសំណេះសំណាលជាមួយក្រុមការងារគណៈពង្រឹងក្នុងស្រុកកោះធំហើយ លោក ស៊ុន ចាន់ថុល ក៏បានជួបសំណេះសំណាលជាមួយពលរដ្ឋជាច្រើនរយនាក់ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងជំនួបសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញសមិទ្ធផលជាច្រើននៅក្នុងស្រុកកោះធំ ក៏ដូចជានៅទូទាំងប្រទេស ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ជាក់ស្តែងក្នុងស្រុកកោះធំក្រៅ សមិទ្ធផលផ្លូវ ស្ពាន សាលារៀន... សុទ្ធសឹងបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋទៅ ក្នុងពេលឆាប់ៗខាងមុខ ស្ពានកោះធំ ដែលជាស្ពាន ឆ្លងទន្លេបាសាក់នឹងត្រូវដាក់ឲ្យប្រើប្រាស់ផងដែរ។ លោក ស៊ុន ចាន់ថុល ថា ស្ពាននេះ គឺជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រជា ពលរដ្ឋក្នុងស្រុកកោះធំ ដែលមិនធ្លាប់មានពីមុន។
លោក ស៊ុន ចាន់ថុល ក៏បាន លើកបង្ហាញពីការខិតខំធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងធ្វើបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម។
ជាការក្រើនរំលឹក និងផ្តល់ជំនួយស្មារតីសម្រាប់ប្រជាពលរដ្ឋត្រៀមខ្លួន ក្នុងការសម្រេចចិត្តជ្រើសថ្នាក់ដឹកនាំមូលដ្ឋាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោក ស៊ុន ចាន់ថុល បានឲ្យប្រជាពលរដ្ឋសម្លឹងមើលថ្នាក់ដឹកនាំមូលដ្ឋានរូបណា និងមកពីគណបក្សណា ដែលបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយអាចជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ «មុនយើងសម្រេចចិត្ត យើងត្រូវសង្កេតពិចារណាឲ្យបានល្អិតល្អន់បំផុត។ ជាពិសេសយើងត្រូវមើលថា ថ្នាក់ដឹកនាំមូលដ្ឋានរូបណា មកពីគណបក្សណា ដែលយើងអាចពឹងផ្អែកបាន ហើយតែងដោះស្រាយបញ្ហាជូនយើង សាងសមិទ្ធផលសម្រាប់យើង និងជាតិយើង។ ចូរកុំសម្រេចចិត្តដោយគ្រាន់តែស្តាប់ការឃោសនា ដោយគ្មានពិចារណានោះ»៕