(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់នៅមុននេះបន្ដិចថា ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ «សុខ លក្ខិណា» យកទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ។
លោកឧត្តមសេនីយ៍ មេបញ្ជាការបន្ថែមថា ខណៈពេលនេះដែល លោកបាននឹងកំពុងដឹកនាំកម្លាំងអាវុធហត្ថ ដោយសហការជាមួយ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីស្វែងរកមុខសញ្ញា ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានគា្ន សរុបចំនួន២នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម ជិះម៉ូតូធ្វើសកម្មភាព។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈដែលបាត់បង់រួចមាន ទូរស័ព្ទដៃ៤គ្រឿង, លុយខ្មែរប្រហែល៤លានរៀល, លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ, លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា ចោរមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ទូមាសយីហោ «សុខ លក្ខិណា» នៅម៉ោង៧៖២០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិចជាប់ផ្សារធំថ្មី ស្ថិចនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ក្រុមចោរបានប្រមូលយកលុយ និងគ្រឿងអលង្កាអស់ប្រហែលជាង១ម៉ឺនដុល្លារ ហើយរត់ គេចខ្លួនបាត់ស្រមោល។
មន្ដ្រីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះករណីនេះពិតជាកើតមានប្រាកដមែន ហើយជនសង្ស័យអាចមានគ្នា៤នាក់ ដោយ២នាក់ចូលធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករនៅពេលគាត់យកមាសទៅលក់ និង២នាក់ទៀតរង់ចាំនៅក្រៅ៕