(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៣០នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋចំនួន១៣៩៦នាក់ ដោយក្នុងនោះ មានស្រ្ដី​មានចំនួន៩៧៨នាក់ផងដែរ នៅឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំផុង របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៣០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមកាងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្ដី ឆាយ ថន រដ្ឋមន្រ្ដីក្រសួងផែនការ ដែលរៀបចំឡើងនៅបរិវេណ សាលាបឋមសិក្សាទួលគ្រួស ឃុំផុត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការចុះពិនិត្យ និងព្យាបាលជំងឺនោះ ក៏មានកិច្ចសហការពីប្រធាន-អនុ​ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានី​ភ្នំពេញ លោក ឆាយ សត្យា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាក្រសួងផែនការ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត TODD JYNGKYNTZ (Licensed Clinical Psychologist) មកពីសហរដ្ឋអាមេ​រិក។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា។  

សូមបញ្ជាក់ថាអស់រយៈពេល៥០ខែ ឈានចូលឆ្នាំទី៥ (ចាប់ពីឆ្នាំ២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៣៩៦នាក់ ចុះពិនិត្យនិងព្យាលបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន៦៣លើក ក្នុងព្យាលបាលជូនប្រជា​ពលរដ្ឋបានចំនួន ៦៩២៩៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានោះ លោក លេង ផាលី បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីស្រឡាញ់ នឹករលឹកពីចម្ងាយរបស់លោក ហ៊ុន ម៉ានី ចំពោះ ពុក ម៉ែ ពូ មីង បងប្អូន ប្រុសស្រី ក្មួយៗ កុមារា កុមារី ទាំងអស់ ដោយសារលោកមានការមមាញឹក ជាប់កាតព្វកិច្ចបំពេញបេសកកម្ម ផ្សេងទៀត ទើបមិនមានវត្តមាននៅទីនេះ ប៉ុន្តែថ្ងៃណាមួយ លោក​ ហ៊ុន ម៉ានី នឹងចុះសួរសុខទុក្ខបងប្អូនដោយផ្ទាល់៕