(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ប្រជែង១លើក, ស្រវឹង១លើក និងមិនគោរពសិទ្ធិ១លើក។
សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៤លើក បណ្ដាលឲ្យស្លាប់១៣នាក់ របួសធ្ងន់ចំនួន២២នាក់ និងរងរបួសស្រាលចំនួន៨នាក់៕