(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស នៅតែបន្តទិញសំបុត្រចូល ទស្សនាតំបន់អង្គរច្រើនដដែល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ (ជាថ្ងៃទី៤ នៃការអនុវត្តកែសម្រួលថ្លៃសំបុត្រថ្មី) លក់បានដល់ ១០,០៩៣សន្លឹក គិតជាទឹកប្រាក់ស្មើនឹង៤៩៦,៦២១ដុល្លារអាមេរិក បើទោះបីមាន​ការកែសម្រួល ថ្លៃក៏ដោយភ្ញៀវនៅតែមានច្រើនដដែល ពុំមានប៉ះពាល់អារម្មណ៍ របស់ភ្ញៀវបរទេសនោះទេ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកុម្ភៈនេះថា ក្នុងចំណោមសំបុត្រ១០,០៩៣សន្លឹកនោះ មានសំបុត្រសម្រាប់មួយថ្ងៃ (៣៧ដុល្លារ) មានចំនួន៥២២៥សន្លឹក រីឯសំបុត្រសម្រាប់៣ថ្ងៃ(៦២ដុល្លារ) មានសុពលភាព៧ថ្ងៃ លក់បាន៤៧២០សន្លឹក និងសំបុត្រសម្រាប់៧ថ្ងៃ (៧២ដុល្លារ) មានសុពលភាព១ខែ ចំនួន១៤៨សន្លឹក។  

រដ្ឋមន្ត្រីនៅតែបន្តបញ្ជាក់ដដែលថា ថ្លៃសំបុត្រថ្មីនេះ​ ត្រូវបានសម្រេចដក២ដុល្លារ ដោយស្វ័យប្រវត្តិសម្រាប់ជូន ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ត​ជួយសង្គ្រោះ​កុមារនៅកម្ពុជា។

ភ្ញៀវទេសចរទូទាំងពិភពលោកនៅតែគាំទ្រ និងធ្វើដំណើរមកទស្សនាអង្គរកាន់តែច្រើន។ ការកែសម្រួលថ្លៃសំបុត្រចូលទស្សនាអង្គរនេះ ពុំបានប៉ះពាល់ដល់ អារម្មណ៍របស់ភ្ញៀវទេសចរនោះទេ។ អង្គរវត្តនៅតែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ បំផុតសម្រាប់ពិភពលោក និងតំបន់ នេះបើយោងតាមសម្តី លោករដ្ឋមន្រ្តីបន្ថែមយ៉ាងដូច្នេះ។

ជាងនេះទៅទៀត បើពិនិត្យលើប្រភេទនៃសំបុត្រដែលភ្ញៀវបានទិញ យើងអាចវាយតម្លៃបានច្បាស់ថា យុទ្ធសាស្ត្រពិពិធកម្មគោលដៅទេសចរណ៍របស់យើង ក៏កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។ ភ្ញៀវទេសចរ ពេលដែលគេបានសិក្សាលម្អិតគេមានការពេញចិត្ត អ្នកដែលទិញសំបុត្រ ៣ថ្ងៃ ក៏កាន់តែច្រើន ពោលគឺអ្នកសម្រេចចិត្តទិញ ៣ថ្ងៃ គេអាចជាអ្នកដែលមានការសម្រេចចិត្តនៅកម្ពុជាយ៉ាងតិចក្រោម ១០ថ្ងៃ ដើម្បីទៅទស្សនាគោលដៅផ្សេងទៀត។ ព្រោះប្រភេទសំបុត្រ៣ថ្ងៃ មានសុពលភាពរហូតដល់ ១០ថ្ងៃ។

ម្យ៉ាងទៀត ភ្ញៀវទេសចរគេមានការពេញចិត្តចំពោះថ្លែលក់ និងប្រព័ន្ធលក់សំបុត្ររបស់យើង ដែលមានលក្ខណៈសមរម្យរស់រវើក មិនបង្ខំឲ្យគេចូលទស្សនា ៣ថ្ងៃ ឬ៧ថ្ងៃជាប់ៗគ្នាឡើយ គឺមានរយៈពេលសុពលភាពសមរម្យ ដែលគេអាចលេងកម្សាន្តនៅកម្ពុជា ឬក្នុងតំបន់បានយូរ។ ប្រភេទសំបុត្រ ៧ថ្ងៃគឺមានសុពលភាពរហូតដល់១ខែ។

លោកបានបន្តទៀតថា គេបានដឹងថាចំណូលទាំងឡាយត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋ ហើយគេសប្បាយចិត្តដោយក្នុងថ្លៃសំបុត្រថ្មីនេះ គេបានរួមចំណែក​សប្បុរសធម៌ដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ផងដែរ៕