(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរជាថ្មីម្តងទៀត ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសដែរថា នឹងមិនឱ្យមានការលើកទង់ជាតិថៃវ៉ាន់ នៅក្នុងពិធីណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ អធិបតេយ្យ ឯករាជ្យភាពរបស់ប្រទេសចិននោះដែរ។ សម្តេចបានបញ្ជាក់ថា កម្ពុជាបើកចំហរសម្រាប់ការវិនិយោគរបស់តៃវ៉ាន់ ប៉ុន្តែសម្រាប់រាល់ការពិធីជប់លៀង ឬពិធីផ្សេងៗនៅលើទឹកដីកម្ពុជា មិនឱ្យមានលើកទង់ជាតិតៃវ៉ាន់ ឬស្ថានតំណាងតៃវ៉ាន់ជាដាច់ខាត។
សម្តេចបានបញ្ជាក់ថា ជំហរនេះមិនមែនតែជំនាន់សម្តេចដឹកនាំនោះទេ ប៉ុន្តែជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយមានតាំងពីជំនាន់សម្តេចឪ នរោត្តម សីហនុ មកម្ល៉េះ។ ទន្ទឹមគ្នានឹងការលើកឡើងអំពីគោលនយោបាយចិនតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រេចទីបេ ក៏ដូចគ្នាដែរ។ សម្តេចថ្លែងថាកម្ពុជាមិនគាំទ្រចំពោះការចង់ផ្តាច់ខ្លួនរបស់ទីបេទេ ហើយកម្ពុជាចាត់ទុកថា ទីបេ គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ៕
សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន៖