(កំពង់ធំ)៖ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រទេស ក្នុងការលើកស្ទួយដំណាំកសិផលក្នុងស្រុក ដើម្បីថែរក្សាសុខភាព ការបង្កើនមុខរបរក្នុងសហគមន៍ និងប្រាក់ចំណូល តាមរយៈ ការលក់ផលិតផលក្នុងសហគមន៍ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ ពីការលក់ដូររបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារត្នោត ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក គង់ វិមាន បានលើកឡើងថា ម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគរៀងរាល់ថ្ងៃ មានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសុខភាព ឲ្យបងប្អូនចៀសផុតពី ជំងឺមួយចំនួន និងការចាយវាយថវិកា ក្នុងការព្យាបាល ដែលធ្វើឲ្យខាតបង់នូវពេលវេលា ក្នុងការប្រកបរបរចិញ្ចេមជីវិតផងដែរនោះ។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា ការដាំដំណាំក្នុងស្រុកមានសារសំខាន់ណាស់ ក្នុងការជួយថែរក្សាសុខភាពក្នុងគ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋក្នុងសហគម៍ផង ដូច្នេះបងប្អូនត្រូវជួយលើកស្ទួយការទិញនូវបន្លែ ផ្លែឈើដែលជាដំណាំក្នុងសហគមន៍របស់ខ្លួន មួយវិញទៀតបងប្អូនដែលយកបន្លែ ផ្លែឈើដែលដាំដោយខ្លួនឯង ត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមី ដោយយកជីធម្មជាតិ ដូចអាចម៍គោ ក្របីមកជំនួសវិញ។
លោក បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលុបបំបាត់ការបង់ថ្លៃលក់តាម កញ្ជើ កញ្ច្រែង ល្អី នេះបានសម្រួលដល់បងប្អូន ក៏ដូចជាបង្ករភាពងាយស្រួលដល់បងប្អូនផងដែរ ទោះបីយ៉ាង នេះក្តីបងប្អូនជាអាជីវករទាំងអស់ ត្រូវតែជួយថែរក្សានូវសណ្ដាប់ធ្នាប់ និងអនាម័យក្នុងការលក់ផងដែរ។
ជាមួយគ្នានោះ លោក គង់ វិមាន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឲ្យធ្វើការដាំដំណាំនៅតាមសហគមន៍ ដែលខ្លួនរស់នៅ ឲ្យបានគ្រប់ៗគ្រួសារ៕