(រតនគិរី)៖ ក្មេងស្រីមានជម្ងឺរាំរៃ កាន់តែធ្ងន់ទៅៗ អស់រយៈពេល២ឆ្នាំមកហើយ មិនមានលទ្ធភាពព្យាបាលនោះទេ ពោលរង់ចាំតែសេចក្តីស្លាប់ប៉ុណ្ណោះ។ ប្រជាពលរដ្ឋនៅក្នុងភូមិ និងឪពុកនាងសូមអង្វរដល់សប្បុរសជន មេត្តាជួយដល់នាងផង ដោយសារតែគាត់មិនមានប្រាក់ព្យាបាល បន្ទាប់ពីម្ដាយរត់ចោលទៅតាមប្រុសបាត់។
ក្មេងស្រីម្នាក់មានឈ្មោះ ហំ ស្រីលីន អាយុ១២ឆ្នាំ ជនជាតិខ្មែរ ដែលមានឪពុកឈ្មោះ ពៅ តឿ អាយុ៤០ឆ្នាំ និងបងប្រុសឈ្មោះ ហំ រតនៈ អាយុ១៤ឆ្នាំ អ្នកទាំងពីរធ្វើកម្មករ ជៀជ័រកៅស៊ូ រស់នៅក្នុងចំការគេ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ទាំងពីរនាក់ឪពុកនិងកូនប្រុស ព្រលឹមចេញធ្វើការ ល្ងាចចូលផ្ទះ ពេលថ្ងៃចូលតែពេលបាយ ទុកក្មេងស្រីឲ្យនៅម្នាក់ឯង ដោយមិនមានថ្នាំសង្កូវព្យាបាលទេ ពោលគឺរង់ចាំដល់ពេលស្លាប់តែប៉ុណ្ណោះ។
លោក ពៅ តឿ ឪពុកក្មេងស្រីអភ័ព្វនោះ បានពោលថា គាត់ព្រមទាំងក្រុមគ្រួសារ ទើបមករស់នៅខេត្តរតនគិរីបានជាង ២ឆ្នាំ ហើយពួកគាត់មានស្រុកកំណើត នៅភូមិបាសែត ស្រុកពាមរ៍ ខេត្តព្រៃវែង។
បន្ទាប់ពីគាត់បាននាំប្រពន្ធកូនមករស់នៅធ្វើកម្មករជៀជ័រកៅស៊ូឲ្យគេ បានប៉ុន្មានខែ កូនស្រីរូបនេះក៏ធ្លាក់ខ្លួនឈឺ ចំណែកប្រពន្ធរបស់គាត់ឈ្មោះ ខន ស្រីឌី អាយុ៣៤ឆ្នាំ មានសាហាយស្មន់រត់តាមគ្នាទៅបាត់ទុកកូនឲ្យនៅឈឺ មិនមានអ្នកមើលថែ បើគាត់នៅមើលថែកូនមិនទៅធ្វើការ ត្រូវដាច់ពោះស្លាប់ទាំងអស់គ្នា។ ដូច្នេះមានតែទុកកូនឲ្យរស់តាមយថាកម្មតែប៉ុណ្ណោះ បើសិនជាព្យាបាលមិនដឹងថាប្រាក់ប៉ុន្មានព្យាបាលជានោះទេ។
ដោយឡែកអ្នករស់នៅជិតខាង ក៏បានសុំអង្វរជំនួសក្មេងស្រី ដល់សប្បុរសជនមេត្តាជួយដល់ក្មេងស្រីនេះផង ពីព្រោះពួកគាត់មិនមានអ្វីអាចជួយបានទេ បានត្រឹមសួរសុខទុក មានចំណីបន្តិចបន្តួចជួយចែករំលែកម្ដងម្កាលតែប៉ុណ្ណោះ។
លោក ឈឿន ចាន់ធៀង អភិបាលស្រុកកូនមុំ បានឲ្យដឹងថា លោកមិនបានដឹងទេ លោកថា គ្រួសារនេះរស់នៅក្នុងចំការរបស់ថៅគេ ហេតុអ្វីថៅកែចិត្តដាច់ម្លេះ មិនជួយលុយកាក់ខ្លះសម្រាប់ព្យាបាលក្មេងផង ម្យ៉ាងវិញទៀតដំណឹងនេះ មិនដឹងថា លោកប្រធានភូមិ ឬលោកមេឃុំ ដឹងឬអត់ទេ បានជាមិនជូនដំណឹងដល់ស្រុក ស្អែកថ្ងៃទី៥ ខែកម្ភៈនេះ លោកនឹងចាត់កម្លាំងឲ្យចុះទៅចំណុចនោះហើយ ។
បើទោះជាយ៉ាងណា លោក លោកស្រី លោកឧកញ៉ា លោកជំទាវ នៅទៅជិតទីឆ្ងាយទូទាំងប្រទេស ក្រៅប្រទេសក្ដី ដែលជាសប្បុរសជន ឬ ក៏អង្គការ មេត្តា ជួយសង្គ្រោះដល់ក្មេងស្រីនេះផង៕