(ប៉ៃលិន)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ប្រចាំស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា និងឯកឧត្តម ហុក សុផល ប្រធានក្រុមការងារមូលនិធិប្រចាំក្រុង និងស្រុក បានអញ្ជើញចុះដល់គេហដ្ឋានផ្ទាល់គ្រួសារសពប្រជាពលរដ្ឋចំនួន ២១គ្រួសារ ដែលក្នុងនោះគ្រួសារសម្រាលកូន១៨គ្រួសារ ស្ថិតក្នុងក្រុងប៉ៃលិន និងគ្រួសារសព ៣គ្រួសារ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីនាំយកថវិកាមូលនិធិ សម្តេចក្រឡាហោម សាខាខេត្តប៉ៃលិន ផ្តល់ជូនគ្រួសារសម្រាលកូន និងចូលរួមបុណ្យសព និងរំលែកទុក្ខគ្រួសារសព ក្នុងមួយគ្រួសារៗ ថវិកា ២០០,០០០រៀល(ពីរសែនរៀលគត់)។

ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខ អបអរសាទរគ្រួសារសម្រាលកូនថ្មី និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ សម្តេចក្រឡាហោម ជូនចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់នាពេលនេះ សម្តេចក្រឡាហោម និងក្រុមការងារទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា គឺឋិននៅជិត និងរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់កាលៈទេសៈទាំងអស់ នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បង្កើតឡើងដើម្បីជួយសម្រាលការលំបាក លើកកម្ពស់សុខមាលភាពម្តាយ និងទារក និងចូលរួមរំលែកទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយសាសនាឡើយ៕