អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងឈើ៨កន្លែង ដកហូតបានជាង៤០ម៉ែត្រគូប
04-02-2017 17:57
(កំពង់ស្ពឺ)៖ ឈើល្មើសច្បាប់ចំនួន៨ទីតាំង ដែលលួចលាក់រក្សាទុកដោយខុសច្បាប់ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយផ្ទៃប្រទេស ចាប់បានប្រមាណជាង៤០ម៉ែត្រគូប នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងកម្លាំងអាវុធហត្ថសរុបជាង២០នាក់។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កម្លាំងជំនាញបានរុករក ឃើញឈើចំនួន៨កន្លែង ដែលក្នុងនោះមានឈើប្រណិតប្រភេទ ធ្នង់ ម្រេញ សរុបប្រហែលជាង ៤០ម៉ែត្រគីប។
លោកមេបញ្ជាការបញ្ជាក់ថា ពេលនេះវត្ថុតាងត្រូវបានប្រគល់ឲ្យ រដ្ឋបាលព្រៃឈើរក្សាទុករងចាំចាត់ការបន្ត ដោយឡែកមានកន្លែងខ្លះកំពុងធ្វើការហ៊ុព័ទ្ធ រង់ចាំជំនាញរដ្ឋបាលព្រៃឈើមកពិនិត្យធ្វើការតាមនីតិវិធី៕