(បន្ទាយមានជ័យ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានសម្រេចតែងតាំងលោកអនុសេនីយ៍ឯក ព្រំ សង ជាមេបញ្ជាការផ្នែកសឹករង ស្រុកមង្គលបូរី ជំនួសមេបញ្ជាការចាស់ ដែលត្រូវបានដកហូតតំណែង និងកាត់ទោសតាមច្បាប់ រឿងស្ពាយកាំភ្លើង​ប៉ងបាញ់​សម្លាប់ចោលទៅលើ ម្ចាស់ហាងខារ៉ាអូខេ ហេង គង់ និងបុគ្គលិក។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា ​បានដកហូតតំណែង លោកវរសេនីយ៍ត្រី កែវ ស៊ុនលី ដោយត្រូវជាប់ជានាយទាហានជាប់វិន័យទណ្ឌកម្ម ព្រមទាំង​កាត់ទោសតាមច្បាប់។នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សួមបញ្ជាក់ថា សូមបញ្ជាក់ថា មេយោធាសឹករងស្រុកមង្គលបូរី បានស្ពាយកាំភ្លើងវែងធុនអាកា និងទុសៀ គ្រាប់ពេញខ្លួនទៅតាមរកបាញ់ម្ចាស់ហាង ខារ៉ាអូខេ ហេង គង់ បណ្តាលអោយម្ចាស់ហាង និងបុគ្គលិកនាំគ្នារត់បាតជើងសព្រាត ដោយសារតែលោកខឹងម្ចាស់ហាងគិតលុយទាំងថ្លៃ ក្បាលមីក្រូហ្វូន និងអាំភ្លី ដែលលោកចាក់ទឹក​ប៊ីយ៉ែចូលធ្វើអោយខូច។

ករណីនេះបានកើតឡើង នៅអំឡុងម៉ោងប្រមាណ ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០១៧ ម្សិលមិញ នៅភោជនីដ្ឋាន និងខារ៉ាអូខេ ហេង គង់ ស្ថិតភូមិជំទាវ ឃុំឫស្សី​ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែលោកមេបញ្ជាការយោធារូបនេះ មិនបានបាញ់នោះទេ ព្រោះតែគេនាំគ្នារត់គេចអស់ តែប្រសិនបើ​នៅប្រឈមមុខវិញ ហើយមានការផ្ទុះអាវុធវិញ មិនដឹងមានរឿងអ្វីកើតឡើងខ្លះនោះទេ។

តាមសំដីប្រពន្ធម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូរខេ ហេង គង់ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ឈ្មោះ កែវ ស៊ុនលី មានតួនាទីជា មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងស្រុកមង្គលបូរីបានស្ពាយកាំភ្លើងវែងធុន AK និងមានពាក់ទុសៀដាក់មកជាមួយ ហើយបានធ្វើការជេរប្រមាថ និងរកបាញ់ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រី​បំរើការ​នៅក្នុងហាង ធ្វើអោយពួកគាត់នាំគ្នារត់ចែកជើងគ្នារកកន្លែងពួនរៀងៗខ្លួន។ ប្រពន្ធម្ចាស់ហាងបានបន្តថា នៅអំឡុងម៉ោងប្រមាណជាង៦ល្ងាច មុនកើតហេតុ ឈ្មោះ កែវ ស៊ុនលី បាននាំប្រពន្ធនិងសាច់ញាតិនិងមិត្តភក្តិ មានគ្នាចំនួន៦នាក់ មិនដឹងស្រវឹងមកពីណា មិនដឹងបានចូលច្រៀងខារ៉ាអូខេ​ហើយបានខឹង​និងស្ត្រីចាក់ខារ៉ាអូខេ​ក្នុងបន្ទប់ថា ចាក់តែបទដែល ខ្លួនមិនចេះច្រៀង។

ពេលនោះឈ្មោះ កែវ ស៊ុនលី បានយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូន ហើយស្ត្រីបំរើការក្នុងបន្ទប់ប្រាប់ថា បើពូយកកែវមានស្រាចាក់ដាក់ក្បាលម៉ៃក្រូហ្វូនខូច ថៅកែគាត់គិតលុយហើយ។ ឈ្មោះ កែវ ស៊ុនលី បាននិយាយតបថា៖ បើម៉ៃក្រូហ្វូនខូចគិតលុយទៅ ក្រោយពេលច្រៀងហើយអោយគិតលុយទាំងថ្លៃម៉ោងខារ៉ាអូខេ និងថ្លៃម្ហូបក្លែម ថ្លៃម៉ៃក្រូហ្វូនខូចចំនួន២ និងដោះក្បាលអំភ្លីម៉ៃក្រូហ្វូនអោយ គិតសរុបអស់ជាង១លានរៀល ហើយគាត់ក៏បានអោយលុយ៣០០ដុល្លារ អាប់លុយ​អោយវិញ៥០ដុល្លារ។

ក្រោយពេលប្រគល់អំភ្លីនិងម៉ៃក្រូហ្វូន អោយ ឈ្មោះកែវ ស៊ុនលី ក៏ទទួលយកទៅដាក់នៅក្នុងរថយន្ត ហើយទាញចេញពីឡានវិញយកមកបោកកំទេចចោល នៅមុខ​ហាងតែម្តង។ ប្រពន្ធម្ចាស់ហាង ហេង គង់ បានបញ្ជាក់ប្រាប់ថា៖ ក្រោយពេលដែលឈ្មោះ កែវ ស៊ុនលី ចេញពីហាងរយៈពេល ជិតកន្លះម៉ោងក្រោយមក ស្រាប់ តែឃើញជិះរថយន្តធុនបាឡែន មកវិញចតនៅមុខហាង ហើយដោះអាវពាក់ខោពណ៌ទាហ៊ានដោយមានកាន់កាំភ្លើង AK ហើយពាក់ទុសៀដាក់ គ្រាប់ពេញផងដែរ។

ក្រោយមកជនខាងលើនេះ បាននិយាយខ្លាំងៗថា៖ អញមកបាញ់ម្ចាស់ហាង អាហេង គង់និង មីស្រីបំរើក្នុងខារ៉ាអូរខេចោល បង់លុយអោយអស់២០លានរៀល ត្រូវឆ្នោតថ្ងៃមិញអស់ប៉ុន្មានលុយ។ ក្រោយពេលនិយាយបណ្តើរ ជេរបណ្តើរ រកបាញ់បែបនេះ ម្ចាស់ហាង ហេង គង់ និងអ្នកបម្រើនៅក្នុងហាងរត់បាតជើងសព្រាត ចូលព្រៃខាងក្រោយអស់ទៅ ហើយក៏មានអ្នកស្គាល់គ្នាម្នាក់ អង្គុយផឹកស៊ីក្នុងហាងបានចូលមកហាម និងឃាត់សុំអោយត្រឡប់ទៅផ្ទះវិញ។

ពេលនោះឈ្មោះកែវ ស៊ុនលី បានចេញពីហាងទៅស្រែកជេរនិងរកបាញ់នៅផ្ទះក្បែរផ្សារមង្គលបូរី បណ្តាលអោយអ្នកជិតខាងភ័យស្លន់ស្លោនៅពេលដែលស្រែកជេរ និងរកបាញ់ទាំងម្ចាស់ហាង ហេង គង់ និងប្រមាថរកបាញ់ឪពុកម្តាយថែមទៀត៕