(ភ្នំពេញ)៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយសមាជិក សមាជិការបស់អង្គភាព បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក សុខ សាធ ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ ឆ្នាំ។
លោក ស្វាយ ស៊ីថា និងក្រុមការងារបានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងចូលរួមសោកស្តាយអាឡោះអាល័យដ៏ក្រៃលែងជាមួយលោកស្រី ពត គឹមសេង ជាភរិយា និងតំណាងឲ្យក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមីជាទីគោរពស្រឡាញ់ដែលបានលាចាកលោកទៅនេះ។
លោក ស្វាយ ស៊ីថា បានថ្លែងដោយអារម្មណ៍ក្តុកក្តួល និងរលីងរលោងទឹកភ្នែកអួលដើមកថា លោកសូមលំអោនកាយគោរពដឹងគុណ និងចងចាំជានិច្ច នូវគុណបំណាច់ - គុណសម្បត្តិជាច្រើន និងជាពិសេសគំរូគុណធម៌ និងសិលធម៍ក្នុងការបំពេញការងារមិនខ្លាចនឿយហត់របស់លោក សុខ សាធ ដែលកន្លង មកបានរួមសុខ រួមទុក្ខជាមួយអង្គភាពដើម្បីបំរេីជាតិនិងប្រជាជន ដោយការព្យាយាម តស៊ូនិង អត់ធ្មត់។ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា «នេះជាការជួបគ្នា ជាលើកចុងក្រោយ ហើយចាប់ពីពេលនេះតទៅនឹងត្រូវលាគ្នាជារៀងរហូត» ។
លោកបាន បន្ថែមថា ការបាត់បង់លោក សុខ សាធ គឺជាការ បាត់បង់ធនធានមនុស្សដ៍សំខាន់ពោរពេញ ដោយបទពិសោធន៍ដែលជារៀមច្បង ប្រកបដោយគុណធម៌ខ្ពស់ និងជាបញ្ញវន្តពិតប្រាកដមួយរូបហេីយជាងនេះទៅទៀត សំរាប់រូបលោកផ្ទាល់និងអងគភាពប្រតិកម្មរហ័ស គឺជាការបាត់បង់នូវបណ្ណាល័យមួយដ៍មានតំលៃ។ ប៉ុន្តែលោក សុខ សាធ ក៏បានបន្សល់ទុកនូវគម្រូនិងបទពិសោធន៍ជាច្រើន សម្រាប់អានុជនជំនាន់ក្រោយសិក្សារៀនសូត្រ អំពីការងារការទូត ការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការសង្គមផងដែរ។
លោក សុខ សាធ គឺជាអ្នករៀនសូត្រចេះដឹងខ្ពង់ខ្ពស់ និងធ្លាប់បានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ពីព្រោះលោកគឺជាអតីតអ្នកកាទូតជើងចាស់មួយរូបដែលបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីបុព្វហេតុសង្គមនាពេលកន្លងមក។
សូមរម្លឹកថា លោក សុខ សាធ អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បច្ចប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានទទួលមរណភាពកាលពីវេលាម៉ោង ៥ និង៣០នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។
សពលោក សុខ សាធ ត្រូវបានក្រុមគ្រួសារតម្កល់ និងប្រារព្ធធ្វើពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនានៅផ្ទះលេខ ៧៤ ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕