(កំពង់ស្ពឺ)៖ តំណាងកម្មករ-កម្មការិនី ដែលកំពុងចេញមុខតវ៉ា នៅក្នុងសួនឧស្សាហកម្ម «វ៉ាយសេវេន» ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នេះ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីថៅកែ រោងចក្រកាត់ដេរ Pat Tern International ក្ស័យធន អស់រយៈពេលជិត២ខែកន្លងមកនេះ កម្មករ-កម្មការិនី ជិត១ពាន់ នាក់ នៅតែរង់ចាំបើកប្រាក់ខែ ហើយក្រុមកម្មករ-កម្មការិនី ទាំងអស់យល់ព្រម ក្នុងការលក់សម្ភរៈរបស់រោងចក្រ មានម៉ាស៊ីនបោកអ៊ុត និងម៉ាស៊ីនដេរជាដើម ដើម្បីយកប្រាក់ដែលលក់បានទាំងនោះ យកមកដោះដូរនិងប្រាក់ខែ ដែល បានជំពាក់ថ្លៃឈ្នូលក្នុងរយៈពេលជិត២ខែមកនេះ ។
នៅក្នុងការលក់សម្ភារដោះដូរនឹងប្រាក់ខែនេះ តំណាងកម្មករ-កម្មការិនីទាំងអស់ សំណូមពរដល់អ្នកគ្រប់គ្រងសួន ឧស្សាហកម្ម វ៉ាយសេវេន ផ្តល់លទ្ធភាពដើម្បី នាំម៉ាស៊ីនចេញ ខណៈដែលតំណាងរោងចក្រទាំងអស់ បានឯកភាពត្រូវរ៉ូវគ្នានៅក្នុងតម្លៃមួយ សមរម្យ ជាមួយឈ្មួញអ្នកដែលមកទិញ ។
ពាក់ព័ន្ធបញ្ហានេះ លោក ហ៊ុន តំណាងឲ្យម្ចាស់សួនឧស្សាហកម្ម វ៉ាយសេវេន បានឲ្យដឹងថា ការឈានមិនឲ្យនាំ ម៉ាស៊ីនកាត់ដេរ ចេញ គឺមានករណីជាច្រើនដូចជា ថៅកែក្រុមហ៊ុនរូបនោះមិនទាន់បានបង់ថ្លៃជួលរោងចក្រ និងការបង់ ថ្លៃទឹកភ្លើងជាដើមទើប ពួកគាត់ឈានទៅដល់ការហាមឃាត់មិនឲ្យនាំម៉ាស៊ីនចេញ ។ តំណាងឲ្យម្ចាស់សួនរូបនេះ បានបន្តថា ដើម្បីសមាមាត្រគ្នា ពួកគាត់ចង់ឲ្យភាគីខាងរោងចក្រមកចរចារគ្នាជាមុនសិន ធ្វើយ៉ាងណាលក់សម្ភារទាំងអស់នេះឲ្យបានថ្លៃបន្តិចដើម្បី យកថវិកាទាំងនោះ មកធ្វើការដោះរវាងភាគីទាំងពីរ ។
ចំណែក លោក អ៊ូ ភឿន អគ្គលេខាធិការ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានលើកឡើងថា កាលដែលថៅកែ រោងចក្រ ក្ស័យធន បានយល់ព្រមឲ្យលក់ម៉ាស៊ីនដេរ ឡាយឡុង ជាការដោះដូរនិងប្រាក់ខែនោះ មិនមែនអ្នកគ្រប់គ្រងសួនមិនបានដឹងដឹង នោះឡើយ អស់រយៈពេលជិត២ខែមកនេះ ភាគីខាងសួនឧស្សាហកម្មមិនដែល មកចរចា ដើម្បីរក ដំដោះស្រាយនោះឡើយ ខណៈដែលតំណាងកម្មករ-កម្មការិនីលក់ឲ្យឈ្មួញនៅក្នុងតំលៃមួយសមរម្យ បែរជាហាមឃាត់មិនឲ្យដឹកចេញទៅវិញកត្តាទាំង នេះ គឺកំពុងធ្វើឲ្យកម្មករ-កម្មការិនីជិត១ពាន់នាក់ កំពុងប្រឈមនឹងការអត់ការងារធ្វើ ជាពិសេសជួបផលលំបាកនិងការហូបចុក រស់នៅប្រចាំថ្ងៃជាដើម ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ាត់ សុង ប្រធានការិយាល័យការងារ នៃមន្ទីរការងារ និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានថ្លែងថាជុំវិញ រោងចក្រកាត់ដេរ Pat Tern International ដែលថៅកែរោងចក្ររត់ចោលនេះ គឺមន្ទីរបានទទួលព័ត៌មានភ្លាមៗ ផងដែរ ពីការក្ស័យធនរបស់ថៅកែរូបនោះ ចំណែកទាក់ទិននឹងការលក់ម៉ាស៊ីនដេរ ជាការដោះដូរនឹង ប្រាក់ខែនោះ រូបលោកមិន ហ៊ានលួកដៃក្នុងរឿងនេះឡើយ ពោលគឺទុកឲ្យភាគីទាំងពីរចរាចរគ្នា ដើម្បីរកដំស្រាយឈានទៅរកកាយល់ព្រមគ្នា៕