(ភ្នំពេញ)៖ ក្រោយការថ្លែងរបស់ឯកអគ្គរាជទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ក្នុងវេទិកាតុមូល នាថ្ងៃម្សិលមិញ ហើយត្រូវបាន វិទ្យុអាស៊ីសេរី ដែលមាននិន្នាការគាំទ្របក្សប្រឆាំង និងសហរដ្ឋអាមេរិក បានដកស្រង់សំដីមកចុះផ្សាយ ដោយលើកឡើងថា សហរដ្ឋអាមេរិកមិនដែលបាន ពិចារណាក្នុងការលុបបំណុលពីកម្ពុជា ហើយថារហូតមកដល់ពេលនេះបំណុលបានកើនដល់ជិត៥០០លានដុល្លារនោះ, លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា ដែលជាអ្នកដឹកនាំប្រតិបត្តិការរំដោះមីន បានសម្តែងនូវការសោកស្តាយយ៉ាងណាស់ចំពោះបញ្ហានេះ ហើយថា ការលើកឡើងយ៉ាងដូច្នេះ វាពិតជាអយុត្តិធម៌ណាស់ ព្រោះវាគឺជាការបន្ថែមនូវក្តីឈឺចាប់ខ្លាំងក្លាដល់ពលរដ្ឋស្លូតត្រង់របស់កម្ពុជា។
ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហេង រតនា បានលើកឡើងជាថ្មីម្តងទៀតដោយចាត់ទុកថា ការថ្លែងពីបញ្ហាបំណុលរបស់ឯកអគ្គរដ្ឋទូតអាមេរិក ជាការបន្ថែមក្តីឈឺចាប់ ដែលមិនអាចបំភ្លេចបានឡើយ សម្រាប់ប្រជាជនខ្មែរ ដែលត្រូវបានរងទុក្ខ យ៉ាងធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែករាប់លានគ្រាប់ របស់សហរដ្ឋអាមេរិក មកលើទឹកដីកម្ពុជា ហើយកម្ពុជាត្រូវសងបំណុលអាមេរិក ដែលជាថ្លៃគ្រាប់បែក ដែលទម្លាក់មកលើប្រទេសរបស់ខ្លួនទៀត។
លោកលើកឡើងទៀតថា ការប្រកាសពីចំនួននៃការកើនឡើងបំណុល ចាប់ពី២០០លានដុល្លារ ដល់៥០០លានដុល្លារ គឺជាការបន្ថែមនូវការឈឺចាប់ របស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមាន អ្នករបួស អ្នកពិការ និងវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយសារគ្រាប់បែកទម្លាក់ដោយអាមេរិក។
ជាមួយគ្នានេះ លោក ហេង រតនា យល់ឃើញថា «ការបង្កើតក្រុមការងារ ដើម្បីពិភាក្សាករណីរឿងបំណុល ដែលកម្ពុជាជំពាក់នោះ ជាប្រការសមហេតុសមផលហើយ។ ទន្ទឹងនឹងនេះគួរតែមានក្រុមការងារពិភាក្សាប្រកបដោយតម្លាភាព អំពីផលខូចខាត ដោយសារសហរដ្ឋអាមេរិក ដែលបានទំលាក់គ្រាប់បែកជាសំងាត់ក្តី ជាចំហរក្តីក្នុងន័យវាយតំលៃឲ្យច្បាស់លាស់ ដើម្បីងាយស្រួលសំរាប់រដ្ឋបាល សហរដ្ឋអាមេរិក មានការទទួលខុសត្រូវ ជាកាតព្វកិច្ចខាងសីលធម៌កី្ត ការទទួលខុសត្រូវ ខាងផ្លូវច្បាប់ក្តី (Moral Obligation or Legal Obligation) ក្នុងការបញ្ចប់ទំពរ័ខ្មៅងងឹង ពីអតីតកាល និងរួមគ្នាសហការល្អ សំរាប់អនាគតនៃប្រទេស និងប្រជាជនទាំង២»។
យ៉ាងណាក៏ដោយ លោកអគ្គនាយកស៊ីម៉ាក់ ហេង រតនា ធ្លាប់បានប្រៀបប្រដូចការទម្លាក់គ្រាប់ របស់អាមេរិកមកលើកម្ពុជា ដូចទៅនឹងការយកដំបងដ៏ធំមួយ មកវាយសំពងសម្លាប់កម្ពុជា ប៉ុន្តែកម្ពុជាមិនស្លាប់បែរជាត្រូវគេ ទាមទារឲ្យសងថ្លៃដំបងថែមទៀត ដូចគ្នានឹងការទម្លាក់គ្រាប់បែក របស់អាមេរិកផងដែរ គឺអាមេរិកបានទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយអាមេរិក បែរជាមកទារថ្លៃគ្រាប់បែករបស់ខ្លួនទៀត។
ពាក់ព័ន្ធបញ្ហាបំណុលអាមេរិកនេះផងដែរ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ដោយបានចាត់ទុកបំណុលនេះ ជាបំណុលឈាម។ បំណុលឈាម ដែលអាមេរិកបានទម្លាក់គ្រាប់ បែកសម្លាប់ប្រជាជនខ្មែរជាង៥សែននាក់។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចាត់ទុកសហរដ្ឋអាមេរិក ជាប្រទេសដែលមានឈាមខ្មៅ ចំពោះប្រទេសកម្ពុជា មិនសមជាប្រទេសមហាអំណាច។ លោកថា បំណុលដែលកម្ពុជាជំពាក់នោះ គឺជាបំណុល ដែលជំពាក់ដោយរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ជំពាក់, រដ្ឋាភិបាលមិនស្របច្បាប់ ដែលបានធ្វើប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ និងធ្លាក់ចេញពីអំណាច ដោយសារចាញ់សង្គ្រាម ព្រមទាំងជារដ្ឋាភិបាលដែលលើកបន្តុប ដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀត ដោយបានស្នើជាថ្មីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបបំណុលដល់កម្ពុជា ដែលអាមេរិកផ្តល់ឲ្យរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ព្រោះជាបំណុលកខ្វក់។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ។
អគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕