(ភ្នំពេញ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ នៅម៉ោង៣៖៥០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិសៀមរាបហើយ ដើម្បីបន្តដំណើរទស្សកិច្ចនៅខេត្តសៀមរាប-អង្គរ។ ស្វាគមន៍ទទួលដំណើរប្រធានាធិបតីមីយ៉ាន់ម៉ា នៅឯព្រលានយន្តហោះដោយអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅសាលាខេត្តសៀមរាប។
ខាងក្រោមនេះជាព័ត៌មានជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើទឹកដីកម្ពុជារបស់ប្រធានាធិបតីមីយ៉ាន់ម៉ា៖
១៖ ថ្ងៃទី០៤ ខែកុម្ភៈ (ថ្ងៃទី២)
* លោកប្រធានាធិបតី នឹងអញ្ជើញទៅដល់ខេត្តសៀមរាបនៅម៉ោង៣៖៥០នាទីរសៀល ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងបន្តដំណើរទៅសម្រាកនៅសណ្ឋាគារសុខា លើទឹកដីខេត្តសៀមរាប។ នៅទីនោះលោកនឹងអញ្ជើញទៅ ទស្សនាសារមន្ទីរអង្គរ ក្នុងខេត្តសៀមរាប។ នៅម៉ោង៧៖០០នាទីយប់ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចូលរួមពិសារភោជនាហារ នៅសណ្ឋាគារសុខា រៀបចំដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
២៖ ថ្ងៃទី០៥ ខែកុម្ភៈ (ថ្ងៃទី៣)
* ម៉ោង៩៖៥៥នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីពិសាអាហារពេលព្រឹករួចហើយ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈ ប្រតិភូ នឹងអញ្ជើញទៅ ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ព្រមទាំងប្រាសាទនានារបស់ខ្មែរ។ លោកនឹងត្រឡប់ទៅកាន់សណ្ឋាគារ ហើយនឹងបន្តអញ្ជើញទៅទស្សនា ប្រាសាទតាព្រហ្ម នៅរសៀលម៉ោង៣៖៣០នាទី បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នឹងត្រឡប់មកសណ្ឋាគារសុខាវិញ។
៣៖ ថ្ងៃទី០៦ ខែកុម្ភៈ (ថ្ងៃទី៤)
* វេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូមីយ៉ាន់ម៉ា នឹងធ្វើដំណើរឆ្ពោះទៅ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរចាកចេញពីទឹកដីកកម្ពុជា ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយមានការជូនដំណើរ ពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕