(ភ្នំពេញ)៖ បណ្តឹងចំនួន៣២ទៀត ក្នុងបណ្តឹងរបស់គណបក្សសង្គ្រោះជាតិមានចំនួន១៣ ពាក់ព័ន្ធឈ្មោះអ្នកបោះឆ្នោត ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ លើកយកមកប្រជុំដោះស្រាយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាលទ្ធផល ស្ថាប័នជាន់ខ្ពស់របស់ជាតិមួយនេះ បានសម្រេចច្រានចោល តែសម្រេចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបឈ្មោះ គីម ស្រីមួយ ចេញពីបញ្ជីឈ្មោះបោះឆ្នោត ព្រោះពិនិត្យឃើញថា ឈ្មោះនេះមិនមានក្នុងបញ្ជីបោះឆ្នោតដំបូង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានលោក អ៊ឹម ឈុនលឹម ជាប្រធាននោះ លើកយកបណ្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតចេញពីបញ្ជីឈ្មោះឆ្នោតថ្មី ក្នុងនោះប្តឹងដោយគណបក្សសង្រ្គោះជាតិចំនួន១៣បណ្តឹង យកមកពិភាក្សា និងដោះស្រាយ។ ក្នុងបណ្តឹងទាំង៣២នេះសុទ្ធតែត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញច្រានចោល។
ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់ លោក ណុប ជូ លោក ព្រាប ស៊ា លោក មូល ណាំ លោកស្រី សៀង ណាវី លោក រៀម សុផាត លោក ហ៊ីង មុនីន្ន លោក មាស រដ្ឋា លោក រឿង សំណាង លោក ហែន សារ៉ែន លោក ជុំ សុខា លោក ដួង វិចិត្រ និងលោក ចាន់ សីហា ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិ និងលោក កែត យី ទាមទារលុប ឈ្មោះជនបរទេស ដែលអះអាងថាជាវៀតណាម ពុំមានឯកសារឫភស្ដុតាងណាមួយ ដែលអាចឲ្យក្រុមប្រឹក្សា ធម្មនុញ្ញបដិសេធ សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននោះឡើយ ។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាសេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាចទាំងអស់ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
បើតាមមន្រ្តីក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា មានបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិទាំងអស់ចំនួន៦០បណ្ដឹង ដែលត្រូវបានបញ្ជូនមកឲ្យក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ តែរហូតមកដល់ពេលនេះបានដោះស្រាយចំនួន៥៩បណ្តឹងហើយ៕