(ព្រះវិហារ)៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប បានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋថា យូរហើយទើបដឹង រោងសិប្បកម្មកែច្នៃឈើមួយកន្លែង អត់មានច្បាប់ ខណៈដែលរោងសិប្បកម្មនេះ បើកដំណើរការអស់រយៈពេលជាង១០ឆ្នាំមក។
ការរិះគន់នេះបន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើជ័យសែន និងផ្នែករដ្ឋបាលព្រៃឈើឆែប ចុះបង្ក្រាបរោងសិប្បកម្មមួយកន្លែងស្ថិតនៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជយ័សែន នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្នុងប្រិតបត្តិការបង្ក្រាបរោងសិប្បកម្មនេះដកហូតឈើប្រណិតប្រភេទធ្នង់ចំនួន៦៤ដុំ ឈើប្រភេទលេខ១ (សុក្រម) ចំនួន១៩ដុំ ស្មើនិង១,០៤៤ម៉ែត្រគូប ឈើប្រភេទលេខ១ (កកោះ) ចំនួន៣សន្លឹក សរុបទាំងអស់ ស្មើនិង៨៦ដុំ ស្មើនិង៣,៨២៩ម៉ែត្រគូប រួមនិងសម្ភារមួយចំនួនទៀត។
វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បណ្តោះអាសន្នដើម្បីចាត់ការតាមច្បាប់។ ទាក់ទងការរិះគន់នេះ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន មិនអាចសុំការអត្ថាធិប្បាយដើម្បីបំភ្លឺ បានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
ដោយឡែក មន្ត្រីមួយរូបបាននិយាយថា មិនមែនដូចការរិះគន់របស់ប្រជាពលរដ្ឋនោះទេ គាត់ធ្វើយូរក៏ដោយតែជាលក្ខណៈគ្រួសារតិចតួច ជំនាញមិនធ្វើការបង្ក្រាបនោះទេ គ្រាន់តែអប់រំណែនាំគាត់ប៉ុណ្ណោះ និងជំរុញឲ្យគាត់ទៅធ្វើច្បាប់អាជីវកម្ម តែរោងសិប្បកម្មដែលជំនាញបង្ក្រាប គឺមានលក្ខណៈទ្រង់ទ្រាយធំ ហើយគ្មានច្បាប់អនុញ្ញាតិទៀតទើបសមត្ថកិច្ចបង្ក្រាប។
មន្ត្រីដ៏ដែល ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់សិប្បកម្មទាំងអស់ ត្រូវទៅធ្វើច្បាប់អាជីវកម្មឲ្យបានគ្រប់គ្នាៗ ជៀសវាងកម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាបបែបនេះ៕