(ព្រះវិហារ)៖ អាវុធហត្ថខេត្តព្រះវិហារ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ពិធីបើកកិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងអាវុធហត្ថខេត្ត និងពិធីបិទកិច្ចប្រជុំស្ថិតក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី នៅតាមមន្ទីរអង្គភាពនានា ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា សម្រាប់សកម្មកាភាពរងាររបស់កងរាជអាវុធហត្ថខេត្ត រយៈពេលមួយឆ្នាំកន្លងទៅនេះ ពោលគឺឆ្នាំ២០១៦ ទទួលបានលទ្ធផលគួរជាទីមោទន ដែលលទ្ធផលនេះ បានមកពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តពីសំណាក់អស់លោកជានាយ និងពលអាវុធហត្ថក្នុងខេត្តទាំងអស់។ ពិសេសដោយបានការយកចិត្តទុកដាក់ក៏ដូចជាការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក៏មានការចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ។
លោកមេបញ្ជាការបញ្ជាក់ថា សម្រាប់ទិសដៅបន្តនៅឆ្នាំ២០១៧ អាវុធហត្ថខេត្តព្រះវិហារប្តេជ្ញា បន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ចាប់ជំរិត ការរក្សាលាក់ទុកទិញលក់អាវុធ ដោយខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ព្រមទាំងបន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបង្ក្រាបបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត ចូលរួមថែរក្សាសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសផ្សេងៗ ទទួលបានលទ្ធផលល្អ។
លោកអភិបាលខេត្ត បន្ដថា ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសលើកទី១ រយៈពេល៦ខែដំបូងនេះ សម្រាប់កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែងនូវបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់។
លោកអភិបាលខេត្តបាន ជំរុញឲ្យកម្លាំងកងរាជអាវុធហត្ថខេត្ត នៅឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាបង្ក្រាបករណីគ្រឿងញៀន ករណីព្រៃឈើ ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត៕