(បន្ទាយមានជ័យ)៖ ក្នុងអំឡុងរយៈពេល១ខែ ចាប់ថ្ងៃទី០១ ដល់ទី៣១ ខែមករា ឆ្នាំ២០១៧ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន១៨៩នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។
លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការិយាល័យគ្រឿងញៀន បានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី០៤ ខែកុម្ភៈនេះ ថា ក្រោយមានការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាល បានចុះបង្ក្រាបបទល្មើសជាក់ស្តែង និងធ្វើការចាប់ខ្លួនជនសង្ស័យប្រុសស្រីខាងលើនេះ។
លោកបន្តថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ គិតចាប់ពីថ្ងៃទី០១ ខែកមរា ឆ្នាំ២០១៧ គឺកម្លាំងនគរបាលយើងធ្វើការផ្សព្វផ្សាយ ចំនួន៥៣៧លើក មានវេទិការសាធារណៈ ចំនួន៤០៨លើក តាមសាលារៀនគ្រប់ស្រុក ឃុំ-ភូមិចំនួន១៣២លើក មានប្អូនៗសិស្សានុសិស្ស ចូលរួមជាង១ម៉ឺននាក់»។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ដែរថា ករណីគ្រឿងញៀន ដែលកម្លាំងនគរបាលបង្ក្រាបស្រាវជ្រាវទូទាំងខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ទទួលបានលទ្ធផលកងកម្លាំងបង្ក្រាបបាន៦០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៨៩នាក់ ស្រីចំនួន១២នាក់ ដកហូតបានគ្រឿងញៀន WY ចំនួន៣២៨គ្រាប់ ស្មើនិង២៩.៥៣ក្រាម, គ្រឿងញៀនICE ចំនួន៨៧កញ្ចប់ ស្មើនិង៦០.១០ក្រាម, ថ្នាំក្រវី (អ៊ិកស្តាស៊ី) ចំនួន៩គ្រាប់ ស្មើនិង១.០៨ក្រាម, កញ្ឆាស្ងួត ១ធុង និង១កូនថង ស្មើនិង៣,៥០៣.០៨ក្រាម, រថយន្ត១គ្រឿង, ម៉ូតូ៤គ្រឿង, ទូរស័ព្ទដៃ៥៧គ្រឿង និងជញ្ជីង១។
លោកស្នងការបានបន្ថែមថា ក្នុងករណីខាងលើនេះ មានករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ចំនួន៣២ករណី, ករណីប្រើប្រាស់ ចំនួន២៨ករណី, អនុវត្តដីការចាប់ខ្លួន១លើក ក្នុងនោះ អប់រំធ្វើកិច្ចសន្យាបញ្ឈប់ប្រើប្រាស់គ្រឿងញៀនចំនួន២២លើក លើមុខសញ្ញា៩៧នាក់ ស្រីម្នាក់ និងបានបញ្ជូនជនជាប់សារធាតុគ្រឿងញៀនស្ម័គ្រចិត្ត ទៅមណ្ឌលកែប្រែម្នាក់នាក់ ដោយតាមសំណូមពររបស់អាណាព្យាបាល។
លោកស្នងការបានសង្គត់ធ្ងន់ថា ទោះបីជាយ៉ាងណា កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ នៅតែបន្តអនុវត្តអប់រំ បង្ក្រាប តាមយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអស់ពីខេត្តបន្ទាយមានជ័យ ស្របតាមនយោបាលភូមិ-ឃុំ មានសុវត្ថិភាព អ្វីសំខាន់ប្រសិនជាកងកម្លាំងនគរបាលណាមានសារធាតុញៀន និងធ្វើដកចេញពីស្ថានប័នគនរបាលជាតិជាកំហិត៕